ស្រាយចម្ងល់ Antoine Pinto កូនកាត់បារាំង-ខ្មែរ ហេតុអ្វីល្បីរន្ទឺនៅថៃ?
កីឡាករប្រដាល់មួយថៃដ៏ល្បីលំដាប់ពិភពលោក Antoine Pinto កាលពីម្សិលមិញនេះ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គម ដោយមានភ្ជាប់រូបភាពទង់ជាតិខ្មែរផងនោះ បានប្រកាសថាខ្លួនគឺមានកាត់ខ្មែរ ២៥% នោះគឺដោយសារតែខ្លួនមានម្តាយជាកូនកាត់ខ្មែរបារាំង ខណៈដែលឪពុករបស់គេគឺជាជនជាតិបារាំងសុទ្ធ ។
ការរទម្លាយនេះត្រូវបានគេប្រកាស បន្ទាប់ពីមានមហាជនជាច្រើនបានលើកឡើងថា តារាប្រដាល់រូបនេះមានមុខមាត់សង្ហាខ្លាំងបែបអាស៊ី បើទោះបីជាកើតនៅប្រទេសបារាំង ។ Antoine Pinto មិនមែនជាកូនកាត់ថៃឡើយ ក៏ប៉ុន្តែដោយសារតែកីឡាកររូបនេះហ្វឹកហាត់ប្រដាល់នៅក្នុងប្រទេសថៃតាំងពីកុមារមកម្ល៉េះ ទើបធ្វើឱ្យគេល្បីល្បាញខ្លាំងនៅប្រទេសថៃ ។
គួរឱ្យដឹងដែរថា កីឡាករល្បីរូបនេះបច្ចុប្បន្នត្រូវបានគេចាត់ទុកជាកីឡាករកំពូលថៃមួយរូប ដែលកំពុងតែគ្រងខ្សែក្រវ៉ាត់លំដាប់ពិភពលោកជាច្រើនផ្នែកប្រដាល់មួយថៃ ។ មិនត្រឹមតែល្បីឈ្មោះក្នុងពិភពកីឡានោះទេ Antoine Pinto កូនកាត់បារាំងខ្មែរ រូបនេះក៏មានភាពល្បីល្បី និង កំពុងធ្វើឱ្យមហាជនឈ្លក់វង្វេងលើរូបសម្រស់ដ៏ស្រស់សង្ហារបស់គេផងដែរ ៕