ស្មើលុយក្ស័យ! ទម្រាំរកក្រុមលើកពាន Europa League យប់មិញ ស៊ុត ១១ ម៉ែត្រ ២១ គ្រាប់ ទើបឃើញម្ចាស់ពាន
ក្នុងវគ្គផ្តាច់ព្រ័ត្រពាន UEFA Europa League កាលពីយប់ថ្ងៃពុធ ទី ២៦ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ Villareal បានយកឈ្នះក្រុមខ្លាំង Manchester United ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី ។
ក្នុងវគ្គទី ១ ក្រុម Villareal បាននាំមុខ ១ ទល់នឹង ០ តែវគ្គទី ២ Cavani បានរកគ្រាប់បាល់តាមស្មើវិញ ដោយបញ្ចប់ ៩០ នាទី ក្នុងលទ្ធផលស្មើគ្នា ។ ការប្រកួតឈានដល់វគ្គថែមម៉ោង ក៏ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បានទាំង ២ ក្រុម ។
កាន់តែយូរទៅ ការប្រកួតបានឈានដល់វគ្គ ១១ ម៉ែត្រកាត់សេចក្តី ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺនៅតែស្មើគ្នា ដោយបន្តការទាត់ ១១ ម៉ែត្ររហូតដល់គ្រាប់ទី ២១ ទើបអាចរកឃើញម្ចាស់ពានរង្វាន់ក្លិបលំដាប់ទី ២ របស់អឺរ៉ុបខាងលើ ៕