La Liga ប្រកាសចាត់ការក្លឹបដែលចូលរួម ESL ខណៈមេក្លោង Real Madrid នៅតែចចេសខ្លាំង
នាថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ លីគកំពូលនៃប្រទេសអេស្ប៉ាញ (La Liga) បានចេញសេចក្តីប្រកាសជាផ្លូវការថា ខ្លួនមិនគាំទ្រដល់ការបង្កើតពានរង្វាន់ថ្មី European Super League ឡើយ ហើយនឹងពិន័យធ្ងន់ធ្ងរដល់ក្លឹបដែលចូលរួមពាននេះ ។
ចំពោះមូលហេតុត្រូវបាន La Liga ប្រកាសថាដោយសារតែវាបានប៉ះពាល់យ៉ាងខ្លាំងទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដែលបានខិតខំរៀបចំលីគកំពូលមួយនេះអស់រយៈពេលច្រើនជាង ១០០ ឆ្នាំមកនេះ ។ La Liga ក៏បានប្រកាសដែរថា បាល់ទាត់ដែលស្ថិតនៅក្រោមការដឹកនាំរបស់ FIFA បាននាំមកនូវប្រាក់ចំណូលរាប់ពានលានដុល្លារដល់អេស្ប៉ាញ និង បង្កើតការងារដល់ប្រជាជនខ្លួនជាង ២ សែននាក់ ។
គួរឱ្យដឹងដែរថា Real Madrid គឺជាមេក្លោងក្នុងការបង្កើតពានរង្វាន់ដែលមិនទទួលស្គាល់ដោយ FIFA នេះឡើយ ខណៈដែលក្លិប ២ ផ្សេងទៀតនៅ La Liga គឺ Barcelona និង AT Madrid ក៏បានចូលរួមជាសមាជិកផងដែរ ហើយមកទល់នឹងពេលនេះ Real Madrid នៅតែប្រកាន់ជំហរដាច់ណាត់ថានឹងធ្វើពានរង្វាន់នេះឱ្យកើតមានឡើងឱ្យខាងតែបាន ៕