ចាក់ដោតខ្លាំង! ពាក្យមួយម៉ាត់ៗរបស់ ចាន់ វឌ្ឍនាកា ទៅកាន់ក្រុមគ្រូពេទ្យ និង កងកម្លាំងប្រចាំការ អានហើយអួលដើម-ក
ស្ថានភាពនៃការឆ្លងការរីករាលដាលនៃវីរុសកូវីដ-១៩ កាន់តែធ្ងន់ធ្ងរឡើងៗ ដោយមួយថ្ងៃៗក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺមួយនេះជាបន្តបន្ទាប់ បើទោះបីជារាជរដ្ឋាភិបាល ដាក់វិធានការណ៍បិទខ្ទប់រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ហើយតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ពេលនេះក៏បានប្រកាសក្លាយជាតំបន់ក្រហម ដោយមិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅផ្ទះបានឡើយ ។
យ៉ាងណាមិញបើយើងក្រឡេកទៅមើលមួយផ្នែកទៀត គឺក្រុមគ្រូពេទ្យជួរមុខ និង កងកម្លាំងមានសមត្ថកិច្ចដែលត្រូវយាមការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋវិញ ពួកកាន់តែហត់នឿយទ្វេដង ។ ជាក់ស្ដែងកន្លងមកគេឃើញមានរូបថតចាក់ដោតជាច្រើនសន្លឹករបស់ក្រុមគ្រូពេទ្យជួរមុខដែលលះបង់ពេលវេលាផ្ទាល់ខ្លួនទាំងស្រុង ដើម្បីស្រោចស្រង់ ក៏ដូចជាការពារអាយុជីវិតរបស់អ្នកជំងឺដែលផ្ទុកវីរុសកូវីដ-១៩ ចេញពីដៃយមរាជ តស៊ូលំបាកអត់បាយក្រហាយទឹក សម្រាកមិនបានគ្រប់គ្រាន់ មិនបានហូបចុកត្រឹមត្រូវ មិនអាចរស់នៅជួបជុំគ្រួសារ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមរន្ធត់ចិត្តរំភើបចំពោះការលះបង់របស់ពួកគាត់ជាពន់ពេក ។
និយាយដល់ការប្រឹងប្រែងស្រោចស្រង់ ការពារអាយុជីវិតរបស់អ្នកជំងឺដដោយមិនខ្លាចការហត់នឿយ កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ក៏បានបង្ហោះសារចាក់ដោតមួយទៅកាន់ក្រុមគ្រូពេទ្យជួរមុខ ក៏ដូចជាកងកម្លាំងដែលការពារនៅសុខសុវត្ថិភាពប្រជាពលរដ្ឋថា «ពួកយើងអាចនៅផ្ទះបាន តែពួកគាត់មិនអាចទេ ពួកយើងអាចសម្រាកនៅផ្ទះបាន តែពួកគាត់ត្រូវធ្វើការ ពួកយើងមានគ្រួសារ ពួកគាត់ក៏មានគ្រួសារដូចយើងដូចគ្នា អរគុណសម្រាប់ការលះបង់របស់អ្នក ខ្ញុំគ្មានអ្វីក្រៅពីការលើកទឹកចិត្ត និង អរគុណខ្លាំងណាស់សម្រាប់ការលះបង់មួយនេះ» ៕