ការពារប្រសើរជាងព្យាបាល Liverpool ត្រៀមបន្តកុងត្រាថ្មីជាមួយកីឡាករសំខាន់ៗ ៤ នាក់
យោងតាមរបាយការណ៍ពីសារព័ត៌មាន The Times កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមហង្សក្រហម Liverpool ដែលជាក្រុមល្បីមួយនៃលីគកំពូលអង់គ្លេស ក្រោមការដឹកនាំរបស់លោក Jürgen Klopp បានបើកការចរចារឿងកិច្ចសន្យាថ្មីជាមួយកីឡាករសំខាន់ ៤ នាក់ ដោយសង្ឃឹមថាពួកគេនឹងនៅជាកម្លាំងសំខាន់ក្នុងក្រុមបន្តទៀត ដើម្បីភាពជោគជ័យក្នុងក្រុម និង ម្យ៉ាងទៀត ដើម្បីការពារកីឡាករមិនឱ្យមានក្រុមដទៃទៀត ។
គេដឹងច្បាស់ហើយថា កីឡាករទាំង ៤ រូបនេះ មានដូចជាខ្សែប្រយុទ្ធដ៏សំខាន់របស់អេហ្ស៊ីប Mohamed Salah ខ្សែការពារហូឡង់ Virgil van Dijk ខ្សែបម្រើប្រេស៊ីល Fabinho និង អ្នកចាំទីសញ្ជាតិប្រេស៊ីល Alisson Becker គឺជាកម្លាំងសំខាន់របស់ក្រុម ។
កីឡាករម្នាក់ក្នុងចំណោមកីឡាករទាំង ៤ នាក់នេះគឺ Mohamed Salah មានដំណឹងថា មានការចាប់អារម្មណ៍ពីសំណាក់ក្រុមល្បីចំនួន ២ ពីលីគអេស្ប៉ាញគឺ ក្រុមស្តេចស Real Madrid និង ក្រុម Barcelona ។ ខណៈដែល ៣ នាក់ទៀត អាចបញ្ចប់កិច្ចសន្យាបានងាយបន្តិច ដោយស្ទើរតែមិនមានព័ត៌មានទាក់ទងនឹងក្លិបណាផ្សេងទៀតទេ ៕