Arsenal ឡើងវគ្គ ៨ ក្រុមចុងក្រោយ UEFA Europa League ទាំងដង្ហើមចង្រិត
កាលពីម៉ោង ១ រំលងអាធ្រាត្រឈានចូលថ្ងៃសុក្រទី ១៩ ខែមីនា ឆ្នាំ ២០២១ ការប្រកួត UEFA Europa League ដែលជាពានក្លិបបាល់ទាត់អាជីពលំដាប់ទី ២ របស់អឺរ៉ុប បានរកឃើញក្រុមទាំង ៨ ឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយហើយ ។
Arsenal បានទទួលកៅអីវគ្គនេះចុងក្រោយគេ ដោយជើងទី ២ ទទួលលទ្ធផលចាញ់ Olympiacos ក្នុងដីខ្លួនឯង ។ នៅក្នុងវគ្គទី ១ ក្រុមភ្ញៀវបានដាក់សម្ពាធតាំងពីនាទីដំបូង ក៏ប៉ុន្តែមិនអាចរកគ្រាប់បាល់បានឡើយ ។ វគ្គទី ២ ក្រុមម្ចាស់ផ្ទះមិនអាចធ្វើអ្វីបានឡើយក្រៅតែពីទប់ក្រុមភ្ញៀវដែលស្រេកឃ្លានជ័យជម្នះ ហើយនៅនាទីទី ៥១ ក្រុមភ្ញៀវធ្វើបានសម្រេច ១ គ្រាប់ដោយកីឡាករ Arabi ។
Arsenal ហាក់ស្រឡាំងកាំង ដោយផែនការលត់ក្រុមភ្ញៀវបានរលាយដូចទឹកកក ដោយប្រឹងទប់ស្ទើរតែមិនជាប់ ។ តែសំណាងល្អអ្នកចាំទីដៃស្អិតរបស់គេបានសង្រ្គោះបាល់ពីការស៊ុតជាច្រើនជើងរហូតបញ្ចប់ការប្រកួត ដោយលទ្ធផល Arsenal ចាញ់ Olympiacos ១ ទល់នឹង ០ ។
ដ្បិតតែចាញ់មែនពិត ក៏ប៉ុន្តែ Arsenal បានឡើងវគ្គបន្តក្រោយសរុបលទ្ធផលទាំង ២ ជើង ៣ ទល់នឹង ២ ដោយកាលពីប្រកួតទី ១ នៅក្រៅដី Arsenal បានលត់ក្រុមម្ចាស់ផ្ទះ ៣ ទល់នឹង ១ ៕