មានអីផ្តល់កម្លាំងចិត្តទេ! ខាន់ ចេសា នឹងឡើងសង្វៀនជាថ្មី នាដើមខែមេសាខាងមុខនេះ
កីឡាការិនីជូជីតស៊ូ ជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងឡើងសង្វៀន Evolve Ur Game ជាលើកទី ១ ក្នុងអាជីពរបស់នាង នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ ដែលជាការប្រកួតប្រភេទ Superfight គ្រោងធ្វើនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ។ ក្នុងនោះដែរម្ចាស់ខ្សែក្រវ៉ាត់ WNO ដែលទើបតែឈ្នះក្តៅៗរូបនេះ នឹងត្រូវជួបជាមួយនឹងកីឡាការិនីជើងខ្លាំងប្រេស៊ីល Thamires Aquino ។
សូមជម្រាបថា កីឡាការិនី ខាន់ ចេសា គឺជាម្ចាស់មេដាយមាសជើងឯកទ្វីបអាស៊ី បន្ទាប់ពីបានយកឈ្នះកីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រភេទកីឡាជូជីតស៊ូ លើវិញ្ញាសារទម្ងន់ក្រោម ៤៩ គីឡូក្រាម ។ ក្រៅពីនេះនាងក៏ធ្លាប់ទទួលបាននូវមេដាយមាសជាង ៥០ ផ្សេងទៀត ក្នុងកម្រិតពិភពលោក និង ទ្វីបអាមេរិកជាច្រើន ក្នុងប្រភេទកីឡាជូជីតស៊ូនេះ ៕