សោកស្តាយ វិសាខា បាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះជុំទី ២ AFC CUP ២០២១
ក្រុមបាល់ទាត់វិសាខា ដែលជាជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ឆ្នាំ ២០២០ កន្លងទៅនេះ នឹងត្រូវប្រកួត វគ្គជម្រុះជុំទី ២ ពានរង្វាន់ AFC CUP ២០២១ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ ដោយប៉ះជាមួយនឹងក្រុមខ្លាំងដែលជាជើងឯកលីគកំពូលទីម័រ Lalenok United FC ។
ដើមឡើយការប្រកួតនេះ គ្រោងនឹងធ្វើឡើងនៅលើទឹកដីកម្ពុជា ក៏ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ ទី ១១ ខែមីនា ឆ្នាំ ២០២១ នេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានកំណត់យកកីឡដ្ឋានក្នុងប្រទេសម៉ាឡេស៊ីធ្វើជាទឹកដីកណ្តាលសម្រាប់ការប្រកួតទៅវិញ ក្រោមហេតុផលការចំណាយ និង កូវីដ ១៩ ។
គួរឱ្យដឹងដែរថា កម្ពុជា ទទួលបានកៅអីចំនួន ១ កន្លះសម្រាប់ពានរង្វាន់នេះ ដោយក្រុមជើងឯកលីគកំពូលទទួលបាន ១ កៅអី ទៅវគ្គចែកពូលតែម្តង ។ ចំណែកឯកន្លះកៅអីទៀត បានទៅលើក្រុមជើងឯកពានរង្វាន់សម្តេច ដែលនឹងត្រូវជម្រុះ ២ វគ្គសិន មុននឹងអាចឡើងទៅវគ្គចែកពូល ៕
ប្រភព៖ TY