លទ្ធផលតេស្តកូវីដ-១៩ របស់ក្លិបលីគកំពូលមួយ ដែលមានអ្នកឆ្លងនោះ បានចេញហើយ
កាលពីពេលកន្លងទៅនេះ ក្លិបបាល់ទាត់មួយនៃលីគកំពូលកម្ពុជា ត្រូវបានគេរកឃើញថាមានបុគ្គលិកម្នាក់ផ្ទុកមេរោគកូវីដ-១៩ ដែលបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកឯអ្នកពាក់ព័ន្ធទាំងអស់រួមមាន កីឡាករ និង បុគ្គលិកទាំងអស់នៃក្លិបមួយនេះ ត្រូវបានគ្រូពេទ្យចុះទៅយកសំណាក ដែលលទ្ធផលបានចេញជាផ្លូវការហើយនៅ ថ្ងៃពុធ ទី ១០ ខែមីនា ឆ្នាំ ២០២១ នេះ ។
ជាលទ្ធផលក្នុងការធ្វើតេស្តសំណាករបស់មនុស្ស ១១៩ នាក់ជាបុគ្គលិក និង កីឡាករទាំងអស់នៃក្លិបខាងលើ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ។ ទោះបីជាបែបនេះក្តី កីឡាករ រួមទាំងបុគ្គលិកក្លិបត្រូវបានបន្តឱ្យធ្វើចត្តាឡីស័កនៅក្នុងក្លិបឱ្យបានគ្រប់រយៈពេល ២ សប្តាហ៍សិន ។ ហើយប្រសិនបើលទ្ធផលតេស្តិ៍លើកចុងក្រោយគ្មានបញ្ហានោះ ក្លិបមួយនេះ គ្រោងនឹងចូលរួមប្រកួតលីគកំពូលកម្ពុជា បានជាធម្មតាវិញ ចាប់ពីសប្តាហ៍ទី ៣ តទៅ ។
គួរឱ្យដឹងដែរថា ក្លិបមួយនេះបានធ្វើការប្រកួតលីគកំពូលកម្ពុជា កាលពីថ្ងៃអាទិត្យ ទី ០៧ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ ។ ហើយសូម្បីដែលក្លិបដែលពាក់ព័ន្ធក្នុងជំនួបកាលពីសប្តាហ៍មុននេះ ក៏កំពុងតែត្រូវដាក់ឱ្យនៅដាច់ដោយឡែកដូចគ្នា ៕