Suarez នឹងទទួលបាន ២ លានអឺរ៉ូបន្ថែម ពី AT Madrid បើស៊ុតបាន ២០ គ្រាប់
Luis Suárez កីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ បានស៊ុត ១៦ គ្រាប់ហើយ ក្រោយពីផ្លាស់ចេញពីក្លិបចាស់របស់ខ្លួន Barcelona FC មកកាន់ក្លិបថ្មី Atlético Madrid កាលពីដើមរដូវកាល ក្នុងការបង្ហាញខ្លួនបានត្រឹមតែ ១៨ ប្រកួតតែប៉ុណ្ណោះ ។
១៦ គ្រាប់នេះ បាននាំឱ្យ Luis Suárez កំពុងតែឈរជាកីឡាករដែលស៊ុតបានច្រើនគ្រាប់ជាងគេនៅ La Liga តាមពីក្រោយដោយ Messi ដោយរកបានត្រឹមតែ ១៥ គ្រាប់ប៉ុណ្ណោះ ។ អ្វីដែលរឹតតែពិសេសនោះគឺ AT Madrid បានផ្តល់ជាទឹកប្រាក់ ១ លានអឺរ៉ូតាមខសន្យាក្នុងកុងត្រា ដល់ Luis Suárez ព្រោះគេអាចរកបាន ១៥ គ្រាប់នៅរដូវកាលនេះ ។
កុងត្រានេះ មិនទាន់ចប់ត្រឹម ១៥ គ្រាប់នេះឡើយ ដោយក្លិបនឹងបន្ថែមលុយ ២ លានអឺរ៉ូឱ្យទៀត ប្រសិនបើគេអាចរកបានសរុប ២០ គ្រាប់នារដូវកាលនេះ ។ នាពេលនេះ AT Madrid កំពុងតែឈរនៅកំពូលតារាង La Liga ដោយមាន ៥៤ ពិន្ទុ តាមពីក្រោយដោយ Real Madrid ដែលឈរនៅលេខ ២ មាន ៤៩ ពិន្ទុ ៕