ខ្សែប្រយុទ្ធជប៉ុន Minamino ត្រូវ Liverpool ដាក់ឱ្យ Southampton ខ្ចីជើងដល់ចប់រដូវកាល
កីឡាករខ្សែប្រយុទ្ធរូបសង្ហាសញ្ជាតិជប៉ុន Minamino របស់ក្លិបបាល់ទាត់ Liverpool ត្រូវបានដាក់ឱ្យក្លិបបាល់ទាត់ Southampton ខ្ចីជើងចាប់ពីពេលនេះតទៅ រហូតដល់ចប់រដូវកាល ២០២០-២០២១ នេះ ។ ដោយការចរចានេះ ត្រូវបានធ្វើឡើងមុនពេលទីផ្សារដោះដូរកីឡាករបិទបន្តិចតែប៉ុណ្ណោះ ។
ការចរចាដែលធ្វើឡើងនៅថ្ងៃចុងក្រោយនេះ គឺដោយសារតែ Southampton កំពុងត្រូវការខ្សែប្រយុទ្ធមកបំពេញចន្លោះខ្វះខាតខ្លាំងនៅតំបន់ប្រយុទ្ធ ដែលធ្វើមិនបានល្អទាល់តែសោះ នៅពាក់កណ្តាលរដូវកាលដំបូងនេះ ដោយក្រុមកំពុងឈរនៅចំណាត់ថ្នាក់លេខ ១១ ។
Takumi Minamino ចាប់ផ្តើមលេងបាល់អាជីពនៅឆ្នាំ ២០១២ នៅលីគកំពូលជប៉ុន មុននឹងត្រូវបានក្លិបលេខ ១ អូទ្រីសយកទៅ ដោយបង្កព្យុះភ្លៀងនៅទៅនោះយ៉ាងខ្លាំង ។ ហើយត្រូវបាន Liverpool ទិញផ្តាច់យកមកកាលពីដើមឆ្នាំ ២០២០ តែមិនសូវបានបង្ហាញខ្លួនប៉ុន្មានឡើយ ៕
ប្រភពៈ dailymail