ស្ដាយបំផុត! ក្លិបបាល់ទាត់ល្បីរបស់ឡាវ ប្រកាសក្ស័យធុន ដោយសារវិបត្តិហិរញ្ញវត្ថុ
ក្លិបបាល់ទាត់ Master 7 FC ដែលជាក្លិបបាល់ទាត់ដ៏ល្បីល្បាញមួយរបស់លីគកំពូលឡាវ បានប្រកាសលាអ្នកគាំទ្ររបស់ខ្លួនយ៉ាងអាឡោះអាល័យ កាលពីចុងខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ដោយសារវិបត្តិហិរញ្ញវត្ថុ និង បានជូនពរឱ្យក្លិបនានា ដែលនៅមានវត្តមានឱ្យទទួលបានជ័យជម្នះទាំងអស់គ្នា ។
បង្កើតឡើងកាលពីឆ្នាំ ២០១៨ កន្លងទៅ និងបានចូលរួមប្រឡូកក្នុងលីគកំពូលឡាវ ១ រដូវកាល ពេលនោះ ក្លិបបាល់ទាត់ Master 7 FC ទទួលបានចំណាត់ថ្នាក់លេខ ៤ (រដូវកាល ២០១៨)។ ហើយមកដល់រដូវកាល ២០១៩ និង ២០២០ ក្រុមនេះ ក៏បានទទួលចំណាត់ថ្នាក់លេខ ២ និងបានចូលរួមក្នុងវគ្គជម្រុះ AFC CUP ទាំង ២ ឆ្នាំផងដែរ។
ដ្បិតក្រុម Master 7 ជាក្រុមខ្លាំងក៏ដោយ ក៏ប៉ុន្តែក្លិបមួយនេះ មានម្ចាស់ឧបត្ថម្ភតែ ១ គត់គឺ ក្រុមហ៊ុន Masterville ដែលជាក្រុមហ៊ុនក្នុងស្រុករបស់ឡាវ ។ ចំណែកឯ នៅក្នុងឆ្នាំ ២០២០ ក្លិបមួយនេះ បានជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ស្ទើរតែមិនអាចបន្តដំណើរបាន។ យ៉ាងណាមិញ ក្រោយពីចប់រដូវកាល ២០២០ ក្លិបបានសម្រេចចិត្តប្រកាសរំសាយក្រុម នឹងមិនចូលរួមប្រកួតអ្វីទាំងអស់នៅរដូវកាល ២០២១ ហើយប្រសិនបើមិនមានសញ្ញាវិជ្ជមាននៅឆ្នាំក្រោយទេនោះ ក្លិបនេះប្រហែលជាអាចបាត់ឈ្មោះជារៀងរហូត៕
ប្រភព៖ Master7