ផ្អាកទៀតហើយ! លីគកំពូលថៃ ប្រកាសផ្អាកការប្រកួត ក្រោយផ្ទុះកូវីដ១៩ ជាថ្មី
នៅថ្ងៃអង្គារ៍ ទី ០៥ ខែមករា ឆ្នាំ ២០២០ នេះ សហព័ន្ធកីឡាបាល់ទាត់ថៃ បានប្រកាសផ្អាកការប្រកួតទាំងអស់នៅក្នុងខែមករានេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ដែលកំពុងតែផ្ទុះខ្លាំងនៅក្នុងប្រទេសថៃ ។
យោងតាមស្មារតីប្រជុំបន្ទាន់កាលពីពេលកន្លងទៅនេះ ដែលធ្វើការកោះប្រជុំដោយប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (លោក Korrawee Pritsananantakul) និង មានការចូលរួមពីសំណាក់ក្លិបពាក់់ព័ន្ធទាំងអស់ ការប្រកួតបាល់ទាត់របស់ថៃ ទាំង ៣ គឺ លីគកំពូល លីគទី ២ និង លីគទី ៣ ត្រូវផ្អាកការប្រកួតទាំងអស់ជាបន្ទាន់ ។ យ៉ាងណាមិញ ចំពោះកាលបរិច្ឆេទត្រលប់មកវិញនៅមិនទាន់ប្រាកដនៅឡើយទេ ដោយត្រូវរង់ចាំដល់មានសុវត្តិភាពឡើងវិញជាមុនសិន ។
ទោះបីជាបែបនេះក្តី លីគកំពូលថៃរដូវកាល ២០២១នេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ជាផ្លូវការនៅកំឡុងខែមេសា ឆ្នាំ ២០២១ នេះ បើទោះបីជាមានការផ្អាកការប្រកួតក៏ដោយ ។ នេះគឺ ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំរដូវកាលថ្មីឱ្យបានល្អឡើងវិញ ៕
ប្រភព៖ bangkokpost