Rashford ស៊ុត ១ គ្រាប់កន្ទុយម៉ោងបន្ថែម ជួយឱ្យ ManU ឡើងលេខ ២ កៀក Liverpool
ក្នុងការប្រកួត English Premier League រដូវកាល ២០២០-២០២១ រវាងក្រុម Manchester United និង Wolverhampton កាលពីយប់រំលេងអាធ្រាត្រចូលថ្ងៃពុធ ទី ៣០ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ក្លិប ManU បានទទួលជ័យជម្នះដោយលទ្ធផល ១ ទល់នឹង ០ ។
ស្ថិតនៅក្នុងទឹកដីខ្លួនឯង ក្រុមមួយនេះមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ ដោយទទួលបានឱកាសល្អៗជាច្រើន ក៏ប៉ុន្តែហាក់បញ្ចប់ទីមិនសូវបានល្អឡើយ ។ ចូលមកតង់ទី ២ ក្រុមបិសាចក្រហមព្យាយាមរកគ្រាប់បាល់ទៀត តែនៅតែមិនបាន ។ ស្របពេលដែលអ្នកគាំទ្រហៀបនឹងអស់ទឹកចិត្តទៅហើយ ក្រោយអស់រយៈពេល ៩០ នាទី ហើយម៉ោងបន្ថែម ៣ នាទីក៏ជីតអស់ទៀត ក៏ប៉ុន្តែនៅចុងម៉ោងបន្ថែម Marcus Rashford បានស្តារស្ថានភាពឡើងវិញ ដោយស៊ុតបញ្ចូលទី នៅពេលដែលអជ្ញារកណ្តាលបានដាក់កញ្ចែចូលទៅក្នុងមាត់ទៅហើយ ។
លទ្ធផលនេះ បានរុញក្រុមដែលកំពុងតែឡើងជើង Manchester United ឡើងមកលេខ ២ កំពូលតារាង ដោយមាន ៣០ ពិន្ទុ នៅពីក្រោមក្រុម Liverpool ដែលមាន ៣២ ពិន្ទុ ៕
ប្រភព៖ EPL