មិនមែនតែយុវជនបាទីទេ តំបន់អាស៊ានមានប្រទេស ៤ ដាក់យុវជនលេង នៅលីគកំពូល
តំបន់អាស៊ាន ជាតំបន់ដែលមានតម្រូវការអភិវឌ្ឍន៍បាល់ទាត់ ជាពិសេសឈុតយុវជនតែម្តង ដែលមិនសូវជាមានផ្លែផ្កាប៉ុន្មានទេ ក្នុងការប្រកួតជាលក្ខណៈប្រចាំទ្វីប ឬ ក៏ពិភពលោក។
ក្នុងនោះដែរ ដើម្បីលើកកម្ពស់យុវជនថ្នាល ឱ្យមានការកើនឡើងនូវសមត្ថភាពជាបន្តបន្ទាប់ សហព័ន្ធកីឡាបាល់ទាត់មួយចំនួន បានបង្កើតក្រុមបាល់ទាត់ដែលដាក់យុវជនថ្នាលរបស់ខ្លួន ឱ្យចូលរួមក្នុងការប្រកួតលីគកំពូលរបស់ខ្លួន ដែលមានដូចជា ៖
កម្ពុជា ៖ ក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំ បាទី ត្រូវបានរៀបចំឡើង ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយបានដាក់ឱ្យលេងនៅលីគកំពូលកម្ពុជា បាន ២ រដូវកាលហើយ ។ ជាលទ្ធផល ចម្រាញ់បានយុវជនអាយុក្រោម ១៩ ឆ្នាំ ដែលមានឳកាសទៅចូលរួមពានរង្វាន់ AFC U-19 Championship ជាលើកដំបូង ក្រោយខកខានអស់ជាង ៦០ ឆ្នាំ ។
ហ្វីលីពីន ៖ Azkals Development Team ស្ថិតនៅក្រោមការដឹកនាំរបស់សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន បានយកគម្រូតាមកម្ពុជា តែត្រូវបានរៀបចំជាបែបក្លិបបាល់ទាត់ ដែលដាក់យុវជនជម្រើសជាតិហ្វីលីពីន ហើយគ្រោងនឹងដាក់ឱ្យលេងលីគកំពូលនារដូវកាលក្រោយ ។
សិង្ហបុរី ៖ Young Lions FC ក្រោមការដឹកនាំរបស់សហព័ន្ធបាល់ទាត់សិង្ហបុរី តែរៀបចំជាក្លិបបាល់ទាត់ ហើយបានដាក់ឱ្យលេងលីគកំពូលតាំងពីឆ្នាំ ២០០៣ ដោយភាគច្រើនជាយុវជនអាយុក្រោម ២៣ ឆ្នាំ របស់ជម្រើសជាតិ ។
ឡាវ ៖ Young Elephants FC ក្លិបបាល់ទាត់នេះ បានលេងនៅលីគកំពូលឡាវ តែបានកំណត់គោលការណ៍យ៉ាងច្បាស់ថា នឹងមានយុវជនយ៉ាងហោចណាស់ ៨០ ភាគរយ ។ ចំណែកឯ ២០ ភាគរយផ្សេងទៀត គឺជាកីឡាករដែលខ្លាំងៗនៅលីគកំពូលឡាវ ៕
ប្រភព៖ FA