បឹងកេត និង ព្រះខ័នរាជស្វាយរៀង នៅតែមិនទាន់ដាច់ស្រេច ពាន MCL និង កៅអីវគ្គចែកពូល AFC CUP
ការប្រកួតពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា រដូវកាល ឆ្នាំ ២០២០ (Metfone Cambodian League) បានឈានមកដល់សប្តាហ៍ទី ១៧ ហើយ តែនៅមិនទាន់រកឃើញក្រុមជើងឯកនៅឡើយទេ ដោយមានក្រុម ២ គឺ បឹងកេត និង ព្រះខ័នរាជស្វាយរៀង កំពុងប្រដេញពិន្ទុគ្នា ។
ក្នុងសប្តាហ៍ទី ១៧ នេះ ក្រុមទាំង ២ ខាងលើ នៅតែបន្តភាពជោគជ័យរបស់ខ្លួន ដោយបានយកឈ្នះគូប្រកួតរៀងៗខ្លួន។ ក្នុងនោះ បឹងកេត បានយកឈ្នះ ក្រសួងការពារជាតិ ក្នុងលទ្ធផល ២ ទល់នឹង ០ ឫ ព្រះខ័នរាជស្វាយរៀង ក៏បានយកឈ្នះ វិសាខា ក្នុងលទ្ធផលង ២ ទល់នឹង ០ ដូចគ្នា ។ លទ្ធផលទាំងនេះ បានធ្វើឱ្យក្នុងទាំង២ត្រូវរង់ចាំដល់សប្តាហ៍ចុងក្រោយបង្អស់ ដែលជាការប្រកួតកាត់សេចក្តី ថាតើក្រុមណាជាជើងឯកពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០នេះ ។
គួរឱ្យដឹងដែរថា ក្រុមជើងឯកពានរង្វាន់លីគកំពូលកម្ពុជា នឹងទទួលបានសិទ្ធចូលរួមក្នុងវគ្គចែកពូលពានរង្វាន់ក្លិបបាល់ទាត់ដ៏ធំបំផុតលំដាប់ទី២របស់ទ្វីបអាស៊ី AFC CUP ២០២១ ដោយស្វ័យប្រវត្តិ ៕