![បង្ហាញមុខអ្នកផលិតមាតិកាវ័យក្មេង ២ រូប តែងតែជំរុញ និង លើកទឹកចិត្តឱ្យអ្នកទស្សនាមានទម្លាប់អានសៀវភៅ](https://www.popular.com.kh/wp-content/uploads/2024/05/13-6.jpg)
បង្ហាញមុខអ្នកផលិតមាតិកាវ័យក្មេង ២ រូប តែងតែជំរុញ និង លើកទឹកចិត្តឱ្យអ្នកទស្សនាមានទម្លាប់អានសៀវភៅ
ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយជាមួយអ្នកផលិតមាតិកាប្រុសវ័យក្មេង ២ រូប នោះគឺ Fong Seanter និង Ploly Ratanak ដែលតែងតែចែករំលែកជាមួយចំណេះដឹងទូទៅ បទពិសោធជីវិត និង លើកទឹកចិត្តឱ្យអ្នកទស្សនាមានទម្លាប់អានសៀវភៅឱ្យបានច្រើនជាងមុន។
បើយើងនិយាយពី Fong Seanter គឺជាអ្នកចែករំលែកចំណេះដឹងទូទៅមួយរូប ដែលទទួលបានការគាំទ្រជាច្រើននាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន និង តែងជំរុញឱ្យអ្នកទស្សនា ឬ អ្នកគាំទ្ររបស់ខ្លួនបានយល់ និង ដឹងពីអត្ថប្រយោជន៍ ជាពិសេសទម្លាប់ល្អក្នុងការចំណាយពេលអានសៀវភៅឱ្យបានច្រើនជាងមុន។
លើសពីនេះ ក្នុងថ្ងៃខួបកំណើត Fong Seanter ក៏បានធ្វើរឿងល្អមួយសម្រាប់ថ្ងៃពិសេសរបស់ខ្លួន និង ជាការចូលរួមចែករំលែកដោយការបរិច្ចាគសៀវភៅជាច្រើនក្បាលដល់បណ្ណាល័យឡានចល័ត ដើម្បីជាការបំផុសគំនិតឱ្យក្មេងៗដែលនៅទីនោះមានការអានសៀវភៅឱ្យច្រើនជាងមុន។
ដោយឡែក សម្រាប់ Ploly Ratanak ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់គឺជាអ្នកផលិតមាតិកាមួយរូប ដែលចាប់ផ្ដើមឡើងជាមួយការចែករំលែកបទពិសោធការអានសៀវភៅផ្សេងៗ ដែលរូបលោកធ្លាប់បានអានដល់អ្នកទស្សនារហូតមក ហើយរូបលោកក៏ជាអ្នកផលិតមាតិកាដែលវ័យក្មេងមួយរូប ប៉ុន្តែ Ploly Ratanak ទទួលបានការគាំទ្រ និង ការកោតសរសើរមិនតិចពីអ្នកគាំទ្រនាពេលកន្លងមក។
លើសពីនេះ Ploly Ratanak ក៏ចែករំលែកបទពិសោធជីវិតជាច្រើនដែលខ្លួនធ្លាប់ឆ្លងកាន់ក្នុងនាមជានិស្សិតមួយរូប រួមទាំងការរៀនសូត្រយ៉ាងណាឱ្យបានពូកែ តែចំណុចដែលធ្វើឱ្យគ្រប់គ្នាចងចាំពីអ្នកផលិតមាតិការូបនេះមិនអាចភ្លេចគឺ ការបំផុសគំនិតឱ្យយុវជនចាប់ផ្ដើមអានសៀវភៅឱ្យបានច្រើនជាងមុន សម្រាប់អ្នកដែលមិនសូវចូលចិត្តអានសៀវភៅតែម្ដង៕