![(វីដេអូ) រៀបការជិត ៥ ឆ្នាំ ឡុង ម៉ូនីកា ទម្លាយប្រវត្តិស្នេហ៍នឹងស្វាមីជនជាតិអាល្លឺម៉ង់ ចូលដណ្តឹងភ្លាមក្រោយប្រឡងទី ១២ ចប់បាន ៣ ថ្ងៃ](https://www.popular.com.kh/wp-content/uploads/2024/04/Monka.jpg)
(វីដេអូ) រៀបការជិត ៥ ឆ្នាំ ឡុង ម៉ូនីកា ទម្លាយប្រវត្តិស្នេហ៍នឹងស្វាមីជនជាតិអាល្លឺម៉ង់ ចូលដណ្តឹងភ្លាមក្រោយប្រឡងទី ១២ ចប់បាន ៣ ថ្ងៃ
មហាជននិយមតាមដានបណ្តាញសង្គមច្បាស់ជាបានស្គាល់ហើយអ្នកនាង ឡុង ម៉ូនីកា គឺជាអ្នកផលិតមាតិកាមួយរូបដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនតាមរយៈវីដេអូចម្អិនម្ហូបរបស់អ្នកនាង។ មិនត្រឹមតែសកម្មភាពចម្អិនម្ហូបរបស់អ្នកនាងជាមួយស្វាមីជនជាតិអាល្លឺម៉ង់ដែលទទួលបានការគាំទ្រទេ សូម្បីតែជីវិតគូរបស់អ្នកនាង ឡុង ម៉ូនីកា និង លោក Michael ក៏មានអ្នកពេញចិត្តដូចគ្នាដែរ។
ថ្មីៗនេះ អ្នកនាង ឡុង ម៉ូនីកា ក៏បានដឹកដៃស្វាមី គឺលោក Michael មកលេងប្រទេសកម្ពុជាជួបជុំគ្រួសារ ព្រមទាំងបានបង្ហាញសកម្មភាពក្នុងការងារជាច្រើន។ ជាក់ស្តែង តាមរយៈវីដេអូកិច្ចសម្ភាសមួយ ដែលមាននាយ ព្រែក និង កញ្ញា ឈិន មុន្នីនាថ ជាអ្នកសួរនាំ បានជីកកកាយពីប្រវត្តិស្នេហ៍របស់អ្នកនាង ម៉ូនីកា និង លោក Michael ដែលកម្រនឹងមានអ្នកដឹងណាស់។
![](https://www.popular.com.kh/wp-content/uploads/2024/04/67655229_2392717767713932_6177824651545149440_n.jpg)
ក្នុងនោះដែរ អ្នកនាង ឡុង ម៉ូនីកា និង ស្វាមី បានឱ្យដឹងថា អ្នកទាំង ២ បានជួបគ្នាដំបូងនៅឯប្រទេសថៃ ហើយកាលនោះ អាចជានិស្ស័យក៏ថាបាន ទើបធ្វើឱ្យអ្នកទាំង ២ ស្រឡាញ់គ្នា។ អ្នកនាង ម៉ូនីកា បានបញ្ជាក់ថា ៖«អាចថាជានិស្ស័យ ព្រោះអ្នកនាងមិនដែលមានគម្រោងស្រឡាញ់ Michael ទេ ព្រោះអត់ដែលគិតថាចង់បានស្វាមីជនជាតិគេទេ ប៉ុន្តែមូលហេតុអ្នកនាងចាប់អារម្មណ៍លើស្វាមី ដោយសារស្វាមីគេចេះនិយាយខ្មែរ»។
ងាកទៅកាន់លោក Michael ជាស្វាមីវិញ ក៏បាននិយាយដែរថា ៖ «លោកជួបភរិយាដំបូងមើលឃើញថានាងពិតជាស្អាតមែន អ្វីដែលសំខាន់ចរិតប្រពន្ធជាមនុស្សល្អ ចិត្តល្អ គិតមនុស្សជុំវិញខ្លួន ជួយគេ និង មានគោលដៅច្បាស់លាស់»។
ក្នុងកិច្ចសម្ភាស អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀត អ្នកនាង ម៉ូនីកា បានបញ្ជាក់ទៀតថា ចំណុចល្អរបស់ស្វាមីអ្នកនាង គឺ Michael យល់ពីគាត់ច្រើន ដូចជាពីទំនៀមទំលាប់ ប្រពៃណីខ្មែរ។ ពួកគាត់ស្គាល់គ្នាតាំងពីអ្នកនាងមានអាយុជិត ១៧ ឆ្នាំ ហើយគ្រាន់តែរៀនចប់ថ្នាក់ទី ១២ បាន ៣ ថ្ងៃ ស្វាមី នាំចាស់ទុំមកចូលស្តីដណ្តឹងនាងតាមប្រពៃណីតែម្តង៕