សង្កេតមើលទាំងអស់គ្នា! បើមានសញ្ញាមិនប្រក្រតី ៣ យ៉ាងនៅលើជើង អាចបង្ហាញថាអ្នកកើតជំងឺទាំងនេះ
នៅក្នុងវេជ្ជសាស្រ្តចិន គេចាត់ទុកថា ជើង គឺជាខួរក្បាលទីពីររបស់មនុស្ស ព្រោះវាមានសរសៃតភ្ជាប់ជាច្រើនទៅអវយវផ្សេងទៀតនៅរាងកាយ ជាពិសេសបើសិនជាធ្វើការចាក់ម្ជុលម៉ាស្សាត្រូវចំណុច នោះនឹងអាចជួយសម្រាលការឈឺចាប់ ក៏ដូចជាធ្វើឱ្យមានសុខភាពល្អទៀតផង។ លើសពីនេះទៅទៀត បើសិនជាជើង មានសញ្ញាមិនប្រក្រតីលេចឡើង វាក៏អាចបង្ហាញពីរោគសញ្ញានៃជំងឺមួយចំនួនដែលយើងមិនគួរឱ្យមើលរំលងផងដែរ។
សញ្ញាទាំងនោះមានដូចជា៖
១. ជើងហើម
យើងមិនគួរព្រងើយជាមួយអាការហើមណាមួយនៅលើរាងកាយនោះទេ ជាពិសេសគឺនៅលើជើង។ បើសិនជាជើងមានអាការហើម នោះអាចឱ្យដឹងថា ក្រលៀន ឬតម្រងនោមកំពុងមានបញ្ហា។ ជាក់ស្តែង ក្រលៀន ឬ តម្រងនោម មានតួនាទីបំប្លែងទឹកនៅក្នុងរាងកាយ ដូច្នេះហើយបើសិនជាវាចុះខ្សោយ ឬមានបញ្ហាណាមួយ នោះជាតិទឹកនៅក្នុងខ្លួនមិនអាចបញ្ចេញចោលបានត្រឹមត្រូវនោះទេ។
២. ក្រចកជើងមានពណ៌ស្លេក
ក្រចកជើងស្លេកគ្មានពណ៌ អាចឱ្យដឹងថារាងកាយមិនមានឈាមគ្រប់គ្រាន់ ជាពិសេសគឺមនុស្សដែលមានជំងឺមហារីក។ អ្នកជំងឺមហារីក អាចមានភាពស្លេកស្លាំងខុសពីធម្មតា ព្រោះតែកោសិកាមហារីក ដែលធ្វើឱ្យបាត់បង់កោសិកាឈាមក្រហមនៅក្នុងខ្លួន ប៉ុន្តែបើអ្នកដែលគ្មានជំងឺមហារីក ហើយមានអាការនេះ គួរណាស់តែពិនិត្យលើរបបអាហារ កុំឱ្យខ្វះសារធាតុចិញ្ចឹម ឬក៏គួរតែពិនិត្យសុខភាពឱ្យល្អិតល្អន់ផងដែរ។
៣. ឈឺជើង
បើសិនជានៅសុខៗកើតការឈឺឬ ស្ពឹកជើងនោះ គួរឱ្យតែប្រយ័ត្នការកកឈាមនៅក្នុងសរសៃជើង ដោយសារតែឈាមហូរទៅចិញ្ចឹមនៅទីនោះមិនគ្រប់គ្រាន់។ បើមិនបានទៅពិនិត្យទាន់ពេលវេលា វាក៏អាចនឹងធ្វើឱ្យប្រឈមជាមួយនឹងជំងឺ myocardial infarction (ជំងឺស្ទះសរសៃឈាមបេះដូង) ផងដែរ។ ដូច្នេះបើសិនជាកើតការឈឺជើង យើងមិនគួរណាមើលរំលងនោះទេ៕