តិចអត់ដឹង! ការប្រើដៃយ៉ាងតិច ២១ ដង/១ខែ អាចកាត់ស្ត្រេស ហើយជួយបន្ថយការប្រឈមមហារីកក្រពេញប្រូស្តាត
អ្វីទៅជាការបាញ់ជីងចក់? ឱ្យតែនិយាយដល់ពាក្យនេះ មនុស្សភាគច្រើនតែងតែអស់សំណើច ខណៈមនុស្សមួយចំនួនទៀតនៅតែមានចម្ងល់ថាតើគេបាញ់ជីងចក់យ៉ាងម៉េច ហើយគេបាញ់ជីងចក់យកមកធ្វើអ្វី?
ពិតមែនទៅ នៅពីក្រោយពាក្យ «បាញ់ជីងចក់» គឺគេសំដៅដល់ការសម្រេចកាមរបស់បុរស ឬ ការប្រើដៃសម្រួលប្រដាប់ភេទដើម្បីបញ្ចេញទឹកកាម ដែលជាទូទៅបុរសភាគច្រើនតែងតែធ្វើវាឡើងនៅកន្លែងមានលក្ខណៈឯកជនដូចជា បន្ទប់គេង បន្ទប់ទឹក ឬ កន្លែងសម្ងាត់ណាមួយ។
ការសម្រេចកាមជារឿងធម្មជាតិរបស់មនុស្ស ការសម្រចកាមគឺធ្វើឡើងដើម្បីបន្ធូរអារម្មណ៍ និង បំបាត់ចំណង់ផ្លូវភេទម្តងៗ។ ការសម្រេចកាមក៏មានប្រយោជន៍ចំពោះសុខភាពផងដែរ តួយ៉ាង បើតាមការស្រាវជ្រាវ វាជួយកាត់បន្ថយការឡើងសម្ពាធឈាម កាត់បន្ថយស្ត្រេស បើធ្វើយ៉ាងតិច ២១ ដងក្នុងមួយខែ អាចកាត់បន្ថយការប្រឈមមហារីកក្រពេញប្រូស្តាតដល់ទៅ ២០ ភាគរយ។
ខណៈការសម្រេចកាមមានប្រយោជន៍ ទន្ទឹមគ្នានេះ បុរសមួយចំនួនធំបានកំពុងតែធ្វើវាឡើងច្រើនដង ច្រើនសារសឹងតែមិនលួសពេល ពោលអាចរៀងរាល់ថ្ងៃ បុរសខ្លះអាចធ្វើវា ២ ទៅ ៣ ដងក្នុងមួយថ្ងៃក៏មាន។ ចុះតើការសម្រេចកាមញឹកញាប់បែបនេះអាចមានផលប៉ះពាល់ឬទេ? ពិតប្រាកដណាស់ ការសម្រេចកាមលើសកម្រិតអាចបង្កើតជាទម្លាប់អាក្រក់ ដែលរំខានដល់ទំនាក់ទំនងជាមួយដៃគូ និងការរស់នៅប្រចាំថ្ងៃ។ លើសពីនេះវាក៏រំខានដល់ផ្លូវចិត្ត និងរាងកាយផងដែរ។
តាមការសិក្សារបស់ លោក Dan Drake អ្នកជំនាញខាងសុខភាពផ្លូវចិត្តនៅ Studio City នៃរដ្ឋកាលីហ្វូញ៉ា មានបុរស ៩៥ ភាគរយទៅហើយដែលកំពុងធ្វើការសម្រេចកាមរៀងរាល់ថ្ងៃ។ លោកថា ការសម្រេចកាមច្រើនឬតិច វាមិនបញ្ហានោះទេ តែវានឹងបញ្ហាបើអ្នកសម្រេចកាមធ្វើវារហូតមានអារម្មណ៍ប៉ះពាល់ទៅដល់សកម្មភាពរស់នៅប្រចាំថ្ងៃ។ ឧទាហរណ៍ជាក់ស្តែង បុរសខ្លះក្នុងមួយថ្ងៃសម្រេចកាមរាប់តាំងពីនៅផ្ទះ នៅបន្ទប់ទឹកកន្លែងធ្វើការ មុនចូលប្រជុំ ម៉ោងសម្រាកថ្ងៃ រហូតដល់ពេលខ្លះឆ្លៀតចូលបន្ទប់ទឹកសាធារណៈ និងកន្លែងបិទបាំងសម្ងាត់ៗទៀតផង។ ការធ្វើច្រើនដងដូចនេះ វាអាចធ្វើឱ្យអារម្មណ៍វិលវល់ អារម្មណ៍លែងស្ងប់ បណ្តាលឱ្យលទ្ធភាពនៃការងារ និង ការសិក្សាធ្លាក់ចុះ។
ចំពោះរាងកាយវិញ ការសម្រេចកាមអាចបង្កផលប៉ះពាល់ទៅដល់ប្រដាប់ភេទដូចជា៖ ធ្វើឱ្យស្បែកលិង្គរលាក លិង្គបាក់ក ឬ លិង្គទន់ភ្លាមៗ ឈឺចាប់លិង្គ លិង្គប្រែជាវៀច និង ជួនមានហូរឈាមចេញមកជាដើម។ ចំពោះទំនាក់ទំនងដៃគូ វាធ្វើឱ្យអារម្មណ៍ពេលរួមភេទលែងមានភាពរំភើបដូចមុន និយាយឱ្យចំវាអាចប៉ះពាល់ដល់ទំនាក់ទំនងផ្លូវភេទជាមួយដៃគូ។
ជារួមមក អ្វីក៏ដោយបើយើងធ្វើវាមានកំណត់វានឹងផ្តល់ផលល្អ តែបើលើសកំណត់ប្រាកដណាស់ វានឹងជះផលអាក្រក់មិនខាន។ ដូចជាការសម្រេចកាមនេះដែរ បើយើងធ្វើវាសមល្មម វានឹងជួយសម្រួលអារម្មណ៍ និង មានប្រយោជន៍ចំពោះសុខភាព តែបើធ្វើវាហួសវានឹងរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃទាំងផ្លូវកាយ និង ផ្លូវចិត្ត៕