![ទៀតហើយ! កម្លាំងមន្ត្រី រកឃើញបង្គាចាហួយជាង ៤ តោន នៅម្ដុំត្រឡោកបែក](https://www.popular.com.kh/wp-content/uploads/2024/02/FEATURE4444.jpg)
ទៀតហើយ! កម្លាំងមន្ត្រី រកឃើញបង្គាចាហួយជាង ៤ តោន នៅម្ដុំត្រឡោកបែក
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ពីយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ក្នុងមុនថ្ងៃចូលឆ្នាំប្រពៃណីចិន-វៀតណាមចូលមកដល់ ដោយត្រួតពិនិត្យទៅលើទីតាំងលក់ និងចែកចាយគ្រឿងសមុទ្រ ម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ជាលទ្ធផល ពុំបានរកឃើញមានផលិតផលមានសាធាតុគីមីហាមឃាត់ទេ ប៉ុន្តែបានរកឃើញមានការចាក់ចាហ៊ួយលើក្បាលបង្គា សរុបចំនួន ២២៦ កេស ស្មើនឹង ៤,២៣៥ គីឡូក្រាម ដែលកម្លាំងមន្ត្រីរកឃើញ នៅលើរថយន្តដែលកំពុងចែកចាយ និងនៅតាមស្តង់លក់មួយចំនួនម្តុំត្រឡោកបែក។
ដោយមានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដកហូត និងយកទៅបំផ្លាញចោលនូវផលិតផលបង្គាមានចាក់ចាហ៊ួយទាំងនោះ តាមនីតិវិធីនៅទីលានចាក់សម្រាមខណ្ឌដង្កោ។ ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអាជីវករ អ្នកលក់រាយ និងតាមស្តង់ដែលតាំងលក់ផលិតផលគ្រឿងសមុទ្រ និងសម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះលក់ឱ្យបានត្រឹមត្រូវ និងមានសុចរិតភាព ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ ក្នុងករណីផលិតផលណាដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នក ទទួលទាន សូមបងប្អូន ផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ឬតាម CCF Complaint App នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕