ពីគីឡូ ១២០ មុខចាស់ដូចអ៊ំ ពេលនេះប្រែមកវ័យក្មេងសង្ហាដូចទេវបុត្រ ក្រោយស្រកគីឡូសល់ត្រឹម ៧១
ពិតជាធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរ មិននឹកស្មានថាការស្រកគីឡូអាចជួយឱ្យសម្រស់ផ្លាស់ប្តូរយ៉ាង ៣៦០ ដឺក្រេ ដូចជាករណីរបស់បុរសជនជាតិចិនរូបនេះ ដែលសម្រស់ប្រែប្រួលដូចជាប្រែកាយ ដូចគេជប់ គឺពីវ័យអ៊ំប្រុសមកក្លាយជាកំលោះសង្ហាដូចជាជាតារាទូរទស្សន៍។
បុរសរូបនេះ មានវ័យ ៣៥ ឆ្នាំ បានទម្លាយឱ្យដឹងពីការសម្រកគីឡូរបស់ខ្លួននៅតាមបណ្តាញសង្គម ដោយបានឱ្យដឹងថា ដើមឡើយខ្លួនមានទម្ងន់រហូតដល់ ១២០ គីឡូក្រាម និង កម្ពស់ ១៨៤ សង់ទីម៉ែត្រ។ កាលនោះខ្លួនពិតជាចូលចិត្តរបស់ផ្អែម ទើបធ្វើឱ្យគីឡូឡើងមិនឈប់ ព្រមទាំងធ្វើឱ្យប៉ះពាល់សុខភាព ទើបសម្រេចចិត្តសម្រកទៅវិញយ៉ាងតឹងរឹង ដោយការហាត់ប្រាណ និង ការឈប់ទទួលទានគ្រឿងផ្អែម។
ការសម្រកនោះ ពិតជាសម្រេចពិតមែន ព្រោះបានស្រករហូតដល់ ៤៩ គីឡូក្រាម ដែលវាមិនត្រឹមតែធ្វើឱ្យសុខភាពល្អជាងមុននោះទេ តែថែមទាំងផ្លាស់ប្តូរសម្រស់របស់ខ្លួនឱ្យក្មេងជាងវ័យទៅទៀត ពោលគឺពីមុខចាស់ខ្លាំង ក្លាយមកជាកំលោះសង្ហាដូចតារា សឹងតែមើលមិនស្គាល់តែម្តង។
យ៉ាងណាមិញ មកដល់ពេលនេះរូបគេនៅសល់តែ ៧១ គីឡូក្រាមប៉ុណ្ណោះ ហើយទម្រាំមកដល់នេះ ក៏ពិបាកមិនតិចនោះដែរ ជាពិសេសគឺកាលស្រកមកសល់ត្រឹម ១០០ គីឡូ សម្រកយ៉ាងណាទៀតក៏មិនស្រកដែរ ដែលធ្វើឱ្យអស់សង្ឃឹមជាខ្លាំង តែកុំតែបានភរិយានៅលើកទឹកចិត្ត នោះក៏មិនមានថ្ងៃនេះដែរ៕