ជាប្ដីប្រពន្ធបើធ្វើរឿង ៤ នេះបាន ក្ដីសុខហូរហៀរ គ្មានថ្ងៃប្រេះឆាប្ដឹងផ្ដល់គ្នាឡើងតុលាការដាច់ខាត
ជាទូទៅ អ្នកពិតជាអាចបំផ្លាញគ្រួសារមួយបាន ក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែដើម្បីរក្សាសុភមង្គល និង ស្ថិរភាពនៃអាពាហ៍ពិពាហ៍ គឺជារឿងមួយដែលពិបាក។ គ្មាននរណាម្នាក់កំណត់ពីរបៀបដែលគូស្វាមីភរិយាគួររស់នៅនោះទេ ប៉ុន្តែមនុស្សគ្រប់រូបត្រូវដឹងពីអ្វីដែលត្រូវធ្វើ និង អ្វីដែលមិនគួរធ្វើ ដើម្បីកុំឱ្យមានបញ្ហាដល់ចំណងអាពាហ៍ពិពាហ៍រហូតដល់ប្រេះឆាគ្នា។
ជាក់ស្ដែងថ្ងៃនេះ យើងសូមលើកយកនូវវិធី ៤ យ៉ាង អាចជួយរក្សាបាននូវសុភមង្គល នៃចំណងអាពាហ៍ពិពាហ៍របស់លោកអ្នក ដែលមានដូចជា ៖
១. ហាមផិតក្បត់
នេះគឺជាចំណុចសំខាន់បំផុត និងជាបន្ទាត់ក្រហម ដែលអ្នកមិនគួរឆ្លងកាត់ឡើយក្នុងចំណងអាពាហ៍ពិពាហ៍។ ប្រសិនបើអ្នកបានធ្វើទង្វើផិតក្បត់ នោះអ្នកត្រូវត្រៀមខ្លួនត្រៀមចិត្តថា អាពាហ៍ពិពាហ៍របស់អ្នកនឹងអាចបែកបាក់បានគ្រប់ពេល។ មិនមែនប្ដីប្រពន្ធគ្រប់គ្នាសុទ្ធតែអាចអត់ទោសការផិតក្បត់របស់ដៃគូរខ្លួនបានឡើយ ដូច្នេះប្រសិនបើអ្វីៗត្រូវបានលាតត្រដាង ចូរត្រៀមខ្លួនសម្រាប់ផលវិបាកធ្ងន់ធ្ងរឬការលែងលះជាដើម។ ពិតណាស់ ការបោកប្រាស់ និងការផិតក្បត់ ពិតជាមិនអាចទទួលយកបាន ដូច្នេះបើទោះជាគេអត់ទោសក៏មិនមានការទុកចិត្តទៀតដែរ ពោលបើភាគីទាំងពីរអាចផ្សះផ្សាគ្នាបាន ប៉ុន្តែមិនអាចវិលទៅរកសភាពការណ៍ដូចមុនបានឡើយ។
២. កុំកុហកគ្នាទៅវិញទៅមក
ទំនុកចិត្ត ប្រៀបបាននឹងក្រដាសស្អាត ពេលដែលវាប្រឡាក់បន្តិច នោះទោះអ្នកខំប្រឹងសម្អាតក៏ដោយ ក៏វាមិនអាចស្អាតដូចមុនឡើយ។ ការកុហក អាចជាការចាប់ផ្តើមនៃការបាត់បង់ទំនុកចិត្តលើគ្នាទៅវិញទៅមក។ ទោះបីជាដៃគូរបស់អ្នកព្យាយាមអត់ទោសឱ្យអ្នកម្តងក៏ដោយ ក៏ការជឿទុកចិត្តត្រូវបានខូចខាត។ មិនថាអ្នកនិយាយអ្វីលើកក្រោយ ដៃគូរបស់អ្នកនឹងនៅតែមានអារម្មណ៍មិនសប្បាយចិត្ត និងមិនអាចទុកចិត្តអ្នកបានពេញលេញនោះឡើយ។ ការកុហក អាចបំផ្លាញទំនុកចិត្តទាំងអស់ នៅក្នុងទំនាក់ទំនងរវាងប្ដីប្រពន្ធ ហើយពេលបាត់បង់ទំនុកចិត្ត គឺគ្មានសល់អ្វីដើម្បីរក្សាភាពរឹងម៉ាំនៃចំណងអាពាហ៍ពិពាហ៍នោះឡើយ។
៣. ហាមប្រើសង្គ្រាមត្រជាក់ដាក់គ្នា
នៅពេលដែលជម្លោះកើតឡើង ភាគីម្ខាងចាប់ផ្តើមធ្វើសង្រ្គាមត្រជាក់ ដោយព្រងើយកន្តើយមិនចង់និយាយ ហើយការអន់ចិត្ត កំហឹង និងជម្លោះកាន់តែខ្លាំងឡើង។ ជាងនេះទៅទៀត វិធីសាស្ត្រសង្គ្រាមត្រជាក់ មិនមែនជាវិធីដ៏ឆ្លាតវៃបំផុតក្នុងការដោះស្រាយរឿងដែលកើតឡើងក្នុងអាពាហ៍ពិពាហ៍នោះទេ ពេលមានបញ្ហាគួរតែលើកយកវាមកដោះស្រាយដោយសន្តិវិធី ព្រោះថាការប្រើការដោះស្រាយបែបមិនចង់ដោះស្រាយនេះ វាងាយធ្វើឱ្យដៃគូរមានអារម្មណ៍នឿយហត់ ឬអាចធ្លាក់ក្នុងស្ថានភាពមិនចង់និយាយតទៅទៀត មិនខ្វល់រឿងគ្រប់យ៉ាង ឈានដល់ការលែងចុះសម្រុង។
៤. ត្រូវតែរក្សាគម្លាតពីអ្នកដទៃ
អ្នកប្រាកដជាមិនចូលចិត្តដៃគូរបស់អ្នកជាប់ពាក់ព័ន្ធ ឬស្និទ្ធស្នាលជាមួយអ្នកដទៃពេកឡើយ ដូច្នេះអ្នកក៏គួរដឹងពីរបៀបរក្សាខ្លួនផងដែរ ដើម្បីផ្ដល់តម្លៃ និងការគោរពផ្លូវចិត្តគ្នាទៅវិញទៅមក។ ការធ្វើបែបនេះ គឺអាចរក្សាបាននូវសុខមាលភាពផ្លូវចិត្តរបស់គូស្វាមីភរិយា អាចជួយឱ្យចៀសវាងបាននូវការយល់ច្រឡំ ដែលអាចបង្ករជាជម្លោះប្រកែក ឈានដល់ការបែកបាក់ចំណងអាពាហ៍ពិពាហ៍ទៀតផង៕
ប្រភព ៖ Phunutoday