
អាសូរពន់ពេក! លោកតាម្នាក់ត្រូវអស់បុណ្យ ព្រោះតែជួយឆ្កែសំណព្វពីការចាប់របស់មន្ត្រីសាលាក្រុង
កាលពីល្ងាចម៉ោង ៥ ថ្ងៃទី ២៤ ខែឧសភា (ពេលវេលាក្នុងតំបន់) មានហេតុការណ៍ដ៏គួរឱ្យអាណិតអាសូរបំផុតមួយ បានកើតមានឡើងលើលោកតាចំណាស់វ័យ ៨៥ ឆ្នាំម្នាក់ ដែលលោកតាបានព្យាយាមជួយឆ្កែសំណព្វរស់នៅជាមួយគ្នារាប់ឆ្នាំចេញពីដៃមន្ត្រីក្រុមប្រឹក្សាក្រុង រហូតដួលស្លាប់នៅនឹងកន្លែង។
តាមសារព័ត៌មាន World Of Buzz បានឱ្យដឹងថា លោកតាកម្សត់រូបនោះ មានឈ្មោះថា Huang រស់នៅក្រុង Bentong រដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។ នៅពេលនោះ ខាងមន្ត្រីក្រុងដែលដើរចាប់ឆ្កែអនាថា បានទៅកាន់តំបន់ក្បែរផ្ទះរបស់លោកតា។ សត្វឆ្កែរបស់លោកតាដំបូងឡើយគឺនៅក្នុងបរិវេណផ្ទះទេ ប៉ុន្តែដោយសារតែរបងគាត់មិនបានចាក់សោ ហើយក្រុមអ្នកចាប់ឆ្កែក៏បានដើរក្បែររបងនោះ ឆ្កែគាត់ក៏ដើរចេញក្រៅ ក៏ត្រូវគេទាក់ចាប់តែម្ដង។
ភ្លាមៗក្រោយឮសំឡេងឆ្កែ លោកតាក៏បានស្ទុះទៅចាប់ដងទាក់ឆ្កែរបស់មន្ត្រីទាំងនោះ។ គាត់ព្យាយាមប្រឹងទប់មិនឱ្យមន្ត្រីទាំងនោះទាញយកឆ្កែគាត់ទៅឡើយ។ យ៉ាងណាមិញ ការព្យាយាមជួយឆ្កែសំណព្វរបស់លោកតា បានក្លាយជារឿងដ៏សោកសៅបំផុតមួយ នៅពេលលោកតាបានដួលធ្លាក់ចូលកន្លែងបង្ហូរទឹកស្អុយ។
អ្នកជិតខាង បានចេញមកជួយទាក់ទងហៅឡានពេទ្យមកភ្លាមៗ ប៉ុន្តែគ្រូពេទ្យមកដល់បានប្រាប់ថា លោកតាបានផុតបាត់ទៅហើយ។ គួរឱ្យដឹងថា បើតាមការបញ្ជាក់ពីអ្នកជិតខាង លោកតា Huang គឺរស់នៅតែម្នាក់ឯងទេ ដោយកូនប្រុសស្រីរបស់លោកតា ឡើងក្រុងកូឡាឡាំពួរ ដើម្បីធ្វើការ។
សម្រាប់លោកតា ឆ្កែមួយក្បាលនោះ គឺជាដៃគូតែមួយគត់រួមរស់ទៅណាមកណាជាមួយគាត់នៅទីនេះ។ ពេលឃើញគាត់ស្លាប់បែបនេះ គ្រប់គ្នាពិតជារំជួលចិត្ត និង សោកសៅជាខ្លាំង។ យ៉ាងណាមិញ ចំពោះហេតុការណ៍នេះដែរ ខាងមន្ត្រីក្រុមប្រឹក្សាក្រុង នៅមិនទាន់ចេញមុខបកស្រាយជុំវិញបញ្ហានេះនៅឡើយទេ៕