ឯកឧត្តម ជុំ កុសល លើកឡើងថា ប្រសិនបង្វែរជំនួយអ្នកឈ្នះប៊ូខាវ ទៅជាឧបត្ថម្ភគាំទ្រក្លឹបប្រដាល់ ឬ សហព័ន្ធគុនខ្មែរ គឺជាការប្រសើរជាង
នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយមានសប្បុរសជនខ្មែរជាច្រើន បាននាំគ្នាចេញមុខប្រកាសផ្ដល់ជំនួយដល់កីឡាករខ្មែរណា ដែលអាចយកឈ្នះកីឡាករថៃ ប៊ូខាវ បាន។
ក្រោយពីមានការឧបត្ថម្ភក្រោមរូបភាពបែបនេះជាបន្តបន្ទាប់ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ជុំ កុសល បានបញ្ចេញមតិលើកឡើងថា ៖ «ជាសំណូមពរ ខ្ញុំយល់ថាប្រសិនបើបង្វែរជំនួយទាំងឡាយ ដែលប្រកាសថានឹងជួយដល់កីឡាករកម្ពុជាណាដែលហ៊ានប្រកួតឈ្នះ ប៊ូខាវ មកជាការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបប្រដាល់ ឬ សហព័ន្ធគុនខ្មែរយើងឱ្យកាន់តែមានលទ្ធភាពហ្វឹកហាត់បន្ថែមទៀត នោះគឺជាការប្រសើរជាងការឌឺដងដាក់គ្នា ដែលជាហេតុនាំទៅដល់ការបង្កើនកំដៅឲ្យកាន់តែក្តៅឡើង អាចនឹងឈានទៅដល់មានជម្លោះជាតិសាសន៍ ព្រោះកាលជាងដប់ឆ្នាំមុនយើងធ្លាប់កើតមានម្តងរួចមកហើយៗក៏គ្មានអីចំណេញមកវិញដែរ គឺមានតែការខាតបង់តែប៉ុណ្ណោះ»។
ឯកឧត្តម បានបន្តឱ្យដឹងទៀតថា អ្វីដែលជារបស់យើង គឺនៅតែជារបស់យើង ព្រោះយើងមានភស្តុតាងប្រវត្តិសាស្ត្ររួចទៅហើយ កត្តាសំខាន់ យើងចេះនាំគ្នាការពាររបស់យើងដោយគ្មានការបៀតបៀនដល់អ្នកដទៃ នេះគឺភាពជាថ្លៃថ្នូររបស់យើងក្នុងនាមជាម្ចាស់៕