Grab ប្រកាសក្រុម La Cima Cartel ដែលមានសមាជិកទាំង ៧ រូប ក្លាយជាទូតសុឆន្ទៈផ្លូវការ ប្រចាំប្រទេសកម្ពុជា
អ្នកគាំទ្រកម្ពុជាជាច្រើន ពិសេសយុវវ័យ ច្បាស់ជាបានស្គាល់ក្រុមចម្រៀងបុរសដ៏ល្បី La Cima Cartel ហើយ ដែលក្រុមចម្រៀងមួយនេះកំពុងមានប្រជាប្រិយ និង សន្ទុះគាំទ្រខ្លាំងក្នុងស្រទាប់យុវវ័យ តាមរយៈស្នាដៃបទចម្រៀងល្បីៗ និង ពីរោះជាច្រើនកន្លងមក។
យ៉ាងណាមិញ ថ្មីៗនេះហាក់ជារឿងដ៏រំភើបមួយ ដោយក្រុមហ៊ុន Grab បានប្រកាសជាផ្លូវការពីសមាជិកទាំង ៧ រូប ក្នុងក្រុម La Cima Cartel មានដូចជា លោក Hasha, លោក YCN Tomie, លោក Meezy24k, លោក All3rgy, លោក YCN Dizzy, លោក Mut Phearin និង លោក YCN Rakhie បានចុះអនុស្សរណៈជាមួយក្រុមហ៊ុនក្លាយជាទូតសុច្ឆន្ទៈប្រចាំប្រទេសកម្ពុជា។ ការចុះអនុស្សរណៈនេះ បានបង្ហាញថាក្រុម La Cima Cartel គឺជាក្រុមចម្រៀងរ៉េបរបស់កម្ពុជាដំបូងគេ ដែលបានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន Grab ទាំង GrabFood និង GrabGoNow។
ស្របគ្នានឹងការចុះអនុស្សរណៈនេះដែរ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ក្រុមហ៊ុន Grab និង ក្រុម La Cima Cartel ក៏បានសហការគ្នារៀបចំកម្មវិធីកម្សាន្តមួយឈ្មោះ Grab Illuminated Night ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ ក្នុងគោលបំណងជួបជុំជាមួយនឹងដៃគូសហការនានា អតិថិន Platinum មិត្តសិល្បករ ព្រមទាំងអ្នកគាំទ្រ (Falcons) ជាច្រើនរយនាក់ ដើម្បីធ្វើជាសក្ខីភាព និង បង្កើតភាពសប្បាយរីករាយក្នុងរាត្រីដ៏គួរឱ្យចងចាំមួយនេះថែមទៀតផង។
គួរឱ្យដឹងដែរថា ការប្រកាសជាផ្លូវការដែលមានសមាជិកទាំង ៧ រូប របស់ក្រុម La Cima Catel បានចុះអនុស្សរណៈជាទូតសុឆន្ទៈជាមួយក្រុមហ៊ុន Grab នោះដែរ គឺជាចាប់ផ្តើមដំណើរការរវាងក្រុម La Cima Catel និង ក្រុមហ៊ុន Grab ឆ្ពោះទៅកាន់ការចាប់ដៃគ្នានាំយកអ្វីថ្មីៗសម្រាប់អ្នកគាំទ្រ និង អតិថិជនទាំងអស់គ្នា។ ជាពិសេសនោះ គឺការបង្ហាញនូវអ្វីដែលថ្មីរួមគ្នាក្នុងវិស័យតន្ត្រី Hip Hop នៅក្នុងប្រទេសកម្ពុជាតែម្តង៕