អ្នកឧកញ៉ា គិត ម៉េង រៀបរាប់ពីលក្ខណៈសម្បត្តិឧត្តមភរិយា ម៉ៅ ចំណាន អានហើយរំភើបចិត្ត
កន្លងមកមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមប្រាកដជាធ្លាប់បានជ្រាបហើយពីពាក្យពេចន៍ដ៏សែនផ្អែមល្ហែមរបស់អ្នកឧកញ៉ា គិត ម៉េង និយាយរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកអំពើលោកជំទាវ ម៉ៅ ចំណាន ដែលជាឧត្តមភរិយាមានទាំងរូបសម្បត្តិ និង ចរិយាសម្បត្តិពេញលក្ខណៈជាស្រ្តីខ្មែរលើកស្ទួយកិត្តិយសស្វាមីប្រកបដោយភាពឧត្ដុង្គឧត្តម។
ថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះរូបភាពលោកជំទាវ ម៉ៅ ចំណាន នៅលើគណនីហ្វេសប៊ុកជាថ្មី ព្រមទាំងរៀបរាប់ពីលក្ខណៈសម្បត្តិរបស់ឧត្តមភរិយាថា ៖ «សូមអ្នកជ្រើសរើសរស់នៅគ្រប់ពេលវេលាជាមួយស្ត្រីដែលពោរពេញដោយក្តីសុបិន ជាអ្នកពូកែធ្វើ ជាមនុស្សមានភាពជឿជាក់ និងស្ត្រីដែលមានការគិតគូរដិតដល់។ ជាពិសេសទៅទៀតនោះ សូមជ្រើសរើសស្ត្រីដែលមើលឃើញភាពល្អឆ្នើមនៅក្នុងខ្លួនអ្នក ទោះបីជាអ្នកមិនបានឃើញវាដោយខ្លួនឯងក៏ដោយ។ បងមិនអាចពិពណ៌នាច្រើនពីភាពពិសេសរបស់ អូនចំណាន ចំពោះបងឱ្យបានអស់នោះទេ ប៉ុន្តែអ្វីដែលបងអាចនិយាយបានខ្លីៗនោះគឺ ពិភពលោករបស់បងពោរពេញដោយស្នាមញញឹមគ្រប់ពេលដែលបងគិតដល់អូន»។
សារដ៏ផ្អែមល្ហែមពោរពេញដោយអត្ថន័យរៀបរាប់ទៅកាន់លោកជំទាវ ម៉ៅ ចំណាន នេះដែរ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិកោតសរសើរចំពោះសុភមង្គលក្នុងរង្វង់គ្រួសារដ៏សែនកក់ក្ដៅរបស់អ្នកឧកញ៉ាជាខ្លាំង៕