កំពុងជ្រួលច្របល់! ពលរដ្ឋអ៊ុយក្រែននៅក្រុងកៀវ សម្រុកទៅដកលុយ ទិញម្ហូបទិញសាំង ទាំងគ្រាប់កំពុងធ្លាក់ក្ឌុងក្ឌាំង
ទិដ្ឋភាពដ៏តក់ស្លុតនៃពលរដ្ឋអ៊ុយក្រែន ដែលបាននាំគ្នាសម្រុកទៅដកលុយ ទិញសាំង និង ទិញស្បៀងទុក ខណៈភាពចលាចលកំពុងកើតមានឡើង ក្រោយការលុកលុយវាយប្រហារពីប្រទេសរុស្ស៊ី។
ក្នុងនោះដែរ បច្ចុប្បន្នខាងស្ថានីយប្រេងឥន្ធនៈបានចាប់ផ្ដើមកំណត់ចំនួនសាំងដែលត្រូវលក់ ខណៈពលរដ្ឋជាច្រើនមួយចំនួនទៀត នាំគ្នាតម្រង់ជួរយ៉ាងវែងរាប់ម៉ោងក្រៅទូរ ATM រង់ចាំដកប្រាក់ បើទោះបីជាកំពុងមានការទម្លាក់គ្រាប់បែក និង កងទ័ពសត្រូវកំពុងសម្រុកចូលក៏ដោយ។
ពលរដ្ឋនៅទីក្រុង កៀវ បានចាប់ផ្ដើមផ្អើលចលាចល នាំគ្នាសម្រុកទិញស្បៀងអាហារ ទិញសាំង ក៏ដូចជាទៅដកលុយ ក្រោយដឹងថា រុស្ស៊ីបានធ្វើការវាយប្រហារលើទីក្រុងខ្លួន។ ជាមួយគ្នានោះ ពលរដ្ឋជាច្រើនក៏បាននាំគ្នាសម្រុកចាកចេញពីក្រុង ស្វែងរកកន្លែងមានសុវត្ថិភាពផងដែរ បើទោះបីជារដ្ឋាភិបាលប្រាប់ឱ្យរក្សាសុវត្ថិភាពនៅតែក្នុងផ្ទះក៏ដោយ។
គួររំឭកថា កាលពីព្រលឹមថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ កងទ័ពរុស្ស៊ីបានវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ខណៈប្រធានាធិបតី Vladimir Putin បានបើកភ្លើងខៀវឱ្យកងកម្លាំងទ័ពខ្លួនបើកដំណើរការ «ប្រតិបត្តិការយោធាពិសេស»។ ក្នុងការប៉ះទង្គិចកាលពីម្សិលមិញនេះដែរ បានបណ្ដាលឱ្យពលរដ្ឋ និង កងទ័ពអ៊ុយក្រែន ១៣៧ នាក់បានបាត់បង់ជីវិត៕