ផ្ទុះការភ្ញាក់ផ្អើល! ប្រទះឃើញគ្រោងឆ្អឹងមនុស្សចងស្លាបសេក ក្នុងល្អាងភ្នំមួយកន្លែង នៅបាត់ដំបង
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល គ្រោងឆ្អឹងចងស្លាបសេកមួយ ត្រូវបានប្រទះឃើញ ដោយប្រជាពលរដ្ឋដើររកអាចម៌ប្រចៀវ នៅក្នុងល្អាងឈូងស្វាយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រោយទទួលបានដំណឹងពីការប្រទះឃើញនេះ សមត្ថកិច្ចបានទៅដល់ ល្អាងដែលប្រជាពលរដ្ឋ ទៅរកអាចម៌ប្រចៀវឃើញគ្រោងឆ្អឹងនោះ ដែលមានជម្រៅប្រហែល ២០ ម៉ែត្រ ទើបកម្លាំងសមត្ថកិច្ច បានសហការ ជាមួយប្រជាពលរដ្ឋចុះតាមឫសជ្រៃ ចុះទៅបាតល្អាង ពិនិត្យ និង ប្រមូលយក ឆ្អឹងសាកសពនោះឡើងមកលើ។
ក្នុងនោះបើតាមការបញ្ជាក់ពី អធិការនគរបាលស្រុកបាណន់ លោក ប៉ាន់ វ៉ាន់នី បានបញ្ជាក់ឱ្យដឹងថា ក្រោយពិនិត្យស្ថានភាព ឆ្អឹងសព គឺជាមនុស្សប្រុស វ័យប្រហែល ៥០ ឆ្នាំ មានចំណងចងដៃក្រពាត់ទៅក្រោយដោយខ្សែនីឡុង ពណ៌ក្រហម (ចងស្លាបសេក) មាន ពាក់អាវដៃវែងពណ៌ប្រផេះ ខោជើងវែងពណ៌ខ្មៅ ហើយក្នុងហោប៉ៅអាវ មានឃើញ ស្លឹកចៀកមូរថ្នាំជក់របៀបចាស់បូរាណ។
អធិការនគរបាលស្រុករូបនេះ បានបញ្ជាក់ទៀតថា ឆ្អឹងសពនេះ មានសភាព ពុកផុយខ្លះទៅហើយ តាមការសន្និដ្ឋានសពនេះ ប្រហែលស្លាប់ក្នុងសម័យប៉ុលពត គឺយូរឆ្នាំមកហើយ ដោយលោក ដាក់ការសង្ស័យថា ប្រហែលសព ត្រូវបានពួកខ្មែរក្រហមយកមកសម្លាប់ក្នុងអំឡុងពេលដែលជីកទំនប់កំពីងពួយ ព្រោះទីតាំងស្លាប់ នៅក្បែរគ្នាជាមួយទំនប់កំពីងពួយ។
លោកអធិការបញ្ជាក់ទៀតថា ក្រោយពីពិនិត្យគ្រោងឆ្អឹងរួចសមត្ថកិច្ចជំនាញ បានប្រគល់ឱ្យអាចារ្យ វត្តដំបូកខ្ពស់ ឃុំតាង៉ែន ដើម្បីរៀបចំ តាមប្រពៃណី រក្សាទុកនៅទីនោះ រួចរាល់ហើយ៕
ប្រភព ៖ ក្រសួងព័ត៌មាន