Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទម្លាយរឿងរ៉ាវពីក្រោយប្រហោងថ្មជាច្រើន នៅតាមជញ្ជាំងប្រាសាទអង្គរ ដឹងហើយជញ្ជក់មាត់សរសើរ
ដឹងទេ សង្គម

ទម្លាយរឿងរ៉ាវពីក្រោយប្រហោងថ្មជាច្រើន នៅតាមជញ្ជាំងប្រាសាទអង្គរ ដឹងហើយជញ្ជក់មាត់សរសើរ

អត្ថបទដោយ​៖ Muyly មីនា ៥, ២០២២

កន្លងមក មានមហាជនជាច្រើន តែងចោទសួរជាសំណួរផ្សេងៗពាក់ព័ន្ធទៅនឹងមូលហេតុនៃការដាប់ប្រហោងរាក់ៗតាមជញ្ជាំងប្រាសាទអង្គរ ខណៈតាមរយៈមតិនានាតាមបណ្ដាញសង្គមកន្លងមក មានការផ្តល់ជាយោបល់ ជាចម្លើយផ្សេងៗគ្នា ពុំមានបញ្ជាក់ពីមូលការសិក្សាណាមួយច្បាស់លាស់ឡើយ។

ទាក់ទិនទៅនឹងរឿងនេះ តាមរយៈផេក បុរាណាចារ្យ បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលនាំឱ្យបុព្វបុរស ជាងចម្លាក់ខ្មែរនាសម័យនោះ ដាប់ឆ្លាក់ ឬ បន្សល់ប្រហោងទាំងនេះ តាមការសិក្សា និងពិចារណា ឃើញថាមានច្រើនប្រការ ប៉ុន្តែមានចំណុច ៣ ធំៗ ដែលគួរយកមកស្វែងយល់ ដែលមានដូចជា ៖

១. បញ្ហាថ្ម និង ចម្លាក់

ក្នុងបច្ចេកទេសរាល់ចម្លាក់ ដែលឆ្លាក់ខុសមិនអាចកែបាន ឬថ្មដែលឆ្លាក់នោះខុសប្រក្រតី ប្រេះបែក រឹងខ្លាំងមិនអាចដំណើរឆ្លាក់បន្តទៅទៀត គេត្រូវដាប់ចេញត្រង់ចំណុចនោះក្នុងជម្រៅណាមួយ ស្របតាមបច្ចេកទេសរបស់គេ។ ជាទូទៅ គេដាប់រាងបួនជ្រុងឬរាងចតុកោណកែង ដោយរំលីងយ៉ាងស្មើស្អាត ដើម្បីងាយនឹងជំនួសដោយថ្មថ្មី ដែលយើងអាចហៅថា ថ្មឆ្នុក។

ចន្លោះថ្មឆ្នុក

ថ្មឆ្នុក ក៏នឹងត្រូវបានឆ្លាក់ជាក្បាច់ឬចម្លាក់ ដើម្បីអោយស៊ីគ្នានឹងផ្ទៃជញ្ជាំងថ្ម ដែលឆ្លាក់រួចជាស្រេចហើយនោះផងដែរ តែជាទូទៅគេធ្វើវានៅពេលគេឆ្លាក់ចម្លាក់រួចអស់ទើបគេមានពេលនឹងបន្ថែមវា។ តែដូចដែលយើងជ្រាបស្រាប់ហើយ ការសាងសង់ប្រាសាទធំៗ ដូចអង្គរវត្តជាដើម ពុំទាន់បានចប់សព្វគ្រប់ទេ បន្សល់នូវទីតាំងប្រហោងថ្ម មួយចំនួនធំ ដែលពុំទាន់មានការបិទឆ្នុកថ្ម និងរំលីងអោយស្អាតត្រឹមត្រូវដូចដើម។ ឯកន្លែងខ្លះទៀតដែលគេបិទឆ្នុកថ្មហើយ ប្រហែលជាត្រូវបានគេដកឆ្នុកថ្មចេញដោយចេតនា ដោយមនុស្សជំនាន់ក្រោយ ដែលគេសង្ស័យថា ក្នុងឆ្នុកនោះ មានរតនវត្ថុផ្សេងៗ ឬមួយក៏មានក្រុមមនុស្សមួយចំនួននាសម័យកណ្តាល ផ្សងដាក់រតនវត្ថុក្នុងថ្មឆ្នុក ជាហេតុដែលក្រោយមក មានមនុស្សជំនាន់ក្រោយ មកដកចេញនូវថ្មឆ្នុកនេះដើម្បីរុករក។

២. គន្លឹះថ្ម

គន្លឹះថ្ម ជាបច្ចេកទេសនៅក្នុងការសាងសង់នៅសម័យបុរាណ តាមជញ្ជាំងប្រាសាទក្តី តាមកម្រាលថ្មប្រាសាទក្តី គេតែងធ្វើជាគន្លឹះថ្មតូចៗ ដើម្បីភាពងាយស្រួលនឹងដកចេញ ហើយជួសជុលប្រាសាទនាពេលក្រោយៗទៀត។ ថ្មគន្លឹះ ឬ ដែលហៅថា ដំណាប់ នេះ គេតែងដាក់នៅចន្លោះថ្មធំៗ ២ ដើម្បីគៀបថ្មអោយណែន ហើយភាគច្រើនគេប្រើប្រាស់ថ្ម ដែលមានសាច់រឹង ទើបពេលខ្លះយើងសង្កេតឃើញថា ឆ្នុកថ្មខ្លះមានពណ៌ខុសពី ថ្មភក់ធម្មតា។

ថ្មគន្លឹះ

៣. ស្នៀតថ្ម

ការដឹកជញ្ជូនថ្មយកមកសាងសង់ លើកដាក់ជញ្ជាំងនៅសម័យបុរាណ ចាំបាច់ត្រូវប្រើប្រាស់ ស្នៀតថ្ម ដើម្បីនឹងលើកថ្ម មកបណ្តុបលើគ្នាបាន។ ក្នុងការដាក់ស្នៀតនោះទៀតសោត គេត្រូវចោះជាប្រហោងថ្ម រាងធំបន្តិចដើម្បីសៀតឈើសើមទឹកចូល។ នៅពេលគេលើកបណ្តុបលើជញ្ជាំងប្រាសាទរួចរាល់ហើយ បញ្ហាដែលកើតមានឡើងនោះគឺ ចន្លោះប្រហោងរបស់ស្នៀតថ្មនេះ។

ជាឧទាហរណ៍ នៅថែវខាងត្បូងរបស់ប្រាសាទអង្គរវត្ត ដែលមានចម្លាក់និយាយពីក្បួនព្យុហយាត្រា របស់ព្រះបាទសូរ្យវម៌្មទី ២ ទំនងដោយសារគេផ្កាប់កន្លែងប្រហោងស្នៀតរបស់ថ្មចុះទៅក្រោម នៅពេលគេធ្វើការរំលីងថ្មឱ្យស្មើគ្នា ដើម្បីចាប់ផ្តើមឆ្លាក់ចម្លាក់។

ការរំលីងថ្មនេះ អាចបណ្តាលឱ្យដាច់សាច់ថ្ម ផុតដល់ប្រហោងស្នៀតតែម្តង ជាហេតុដែលគេត្រូវកែតម្រូវដោយដាប់ប្រហោងទាំងនោះអោយស្មើគ្នា មានរាងជាជ្រុងៗ ងាយស្រួលក្នុងការស៊ូកថ្មឆ្នុកនាវេលាក្រោយ។ តែដោយថាពេលវេលាសាងសង់ប្រាសាទមានកម្រិត មិនអាចសាងសង់ទាន់ពេលវេលា ការដាក់ឆ្នុកថ្មក៏មិនទាន់បានសម្រេច ១០០ ភាគរយ ហើយក៏បន្សល់ស្លាកស្នាមរហូតមកដល់បច្ចុប្បន្ននេះ។ ម្យ៉ាងទៀតក៏នឹងអាចមានក្រុមមនុស្សមួយចំនួន ធ្វើការដកឆ្នុកថ្មនេះចេញ ដោយមូលហេតុផ្សេងៗរបស់ពួកគេ ដែលនឹកស្មានពុំដល់ ទើបយើងឃើញមាននៅសល់តែប្រហោងថ្មច្រើនដូចនេះក៏ថាបាន៕

ប្រភព និង រូបភាព ៖ បុរាណាចារ្យ

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់