ផ្តើមចេញពីការចិញ្ចឹមគោ ២ ក្បាល លោក ឡេក គឹមហួ ក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់ដ៏ធំមួយនៅកំពង់ធំ
ទាំងប្រជាពលរដ្ឋក្នុងភូមិ និង មន្រ្តី នៃមន្ទីរកសិកម្ម ខេត្តកំពង់ធំ សុទ្ធតែសរសើរ និង ចាត់ទុក លោក ឡេក គឹមហួ គឺជាកសិករគំរូម្នាក់ ដែលទទួលបានជោគជ័យក្នុងការចិញ្ចឹមគោ ដោយគាត់បានចាប់ផ្តើមដំបូងពីការចិញ្ចឹមគោតែ ២ ក្បាល រហូតដល់ពេលនេះគាត់មានគោទាំងអស់ជិត ១០០ ក្បាល ទាំងការចិញ្ចឹមគោមេពូជ និង ចញ្ចឹមគោយកសាច់លក់ ។
លោក ឡេក គឹមហួ បច្ចុប្បន្នរស់នៅក្នុងភូមិតាម៉ី ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយលោកបានប្រាប់អ្នកយកព័ត៌មានរបស់យើងឱ្យដឹងថា កាលពីឆ្នាំ ២០១៦ លោកបានសាកល្បងចិញ្ចឹម គោតែ ២ ក្បាលប៉ុណ្ណោះ ហើយនៅឆ្នាំ ២០១៧ លោកមានគោចំនួន ១៦ ក្បាល រហូតដល់ឆ្នាំ ២០២០នេះ លោក បានចិញ្ចឹមគោ រហូតដល់ជិត ១០០ ក្បាល ដែលរួមមានការចិញ្ចឹមគោមេពូជ ១២ និង ក្រៅពីនេះគឺចិញ្ចឹកគោលក់សាច់ ។
លោក ឡេក គឹមហួ បានរៀបរាប់ពីការចិញ្ចឹកគោថា កាលពីដំបូង គាត់ចិញ្ចឹមគោដាក់បាក្នុងស្រុក តែវាមិនបានកូនល្អឡើយ ប៉ុន្តែពេលនេះលោកបានបង្កាត់ពូជតាមបែបសិប្បនិត ដោយមានខាងពេទ្យសត្វ ជាអ្នកដាក់បង្កាត់ឱ្យ ទើបគាត់បានកូនគោល្អ ជាងមុន ។ ការដែលលោកសម្រេចបានជោគជ័យក្នុងការចិញ្ចឹមគោនេះ ដោយសារតែមានការ ជួយគាំទ្រ និង មានការបង្ហាត់បង្រៀនពីមន្ត្រីជំនាញ ការិយាល័យកសិកម្មស្រុក ការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តកំពង់ធំ ផងនោះ ធ្វើឱ្យគាត់ ទទួលបានលទ្ធផលគួរជាទីគាប់ចិត្តរហូតដល់សព្វថ្ងៃនេះ ។
មិនតែប៉ុណ្ណោះ ខាងការិយាល័យ កសិម្មស្រុកតាំងគោក បានផ្តល់ពូជស្មៅ និង បង្ហាត់បង្រៀនពីការដាំស្មៅ ទើបលោកមិនមានបញ្ហាចោទលើការខ្វះខាតស្មៅក្នុងការចិញ្ចឹមគោនេះឡើយ ។ លោកក៏មិនពឹងផ្អែក លើការឱ្យស្មៅធម្មជាតិមួយមុខឱ្យគោស៊ីឡើយ គឺលោកឱ្យគោស៊ីចំបើងផ្អាប់ ដែលបង្រៀនធ្វើដោយមន្ត្រីជំនាញ និង បានទិញកាកម្សៅដំឡូមី កន្ទួក យកមកផ្សំដើម្បីធ្វើចំណី ព្រោះចំណីនេះ វាមានវីតាមីនគ្រប់គ្រាន់ដើម្បី បំប៉នគោបន្ថែមទៀត ទើបគោគាត់ឆាប់ធាត់ល្អ ។
ជារៀងរាល់ ៣ ទៅ ៤ ខែម្តង រូបលោកតែងតែ លក់គោសាច់ចេញ ដែលម្តងៗលោកលក់បានចំនួន ៤០ ក្បាល ហើយក្នុង ១ ឆ្នាំៗ លោកអាចលក់គោសាច់ចេញពី ៣ ឬ ៤ ដង ដែលមានគោពី ១២០ ក្បាល ទៅ ១៦០ ក្បាល ដោយបានតម្លៃគួរជាទីគាប់ចិត្ត ។
ទោះបីជាលោក ឡេក គឹមហួ មិនបានប្រាប់ពីតម្លៃនៃការលក់គោយ៉ាងណាក្តី តែអ្នកស្រុកនៅក្នុងភូមិជាមួយគាត់ ក៏ដូចជាមន្រ្តីជំនាញកសិកម្ម ដែលជួយជ្រោងជ្រែងគាត់ក្នុងការចិញ្ចឹមគោនេះថា លោក ឡេក គឹមហួលក់គោសាច់ម្តងៗបានរាប់ម៉ឺនដុល្លារ ទើបគាត់មានលទ្ធភាព ពង្រីកកសិដ្ឋានចិញ្ចឹមគោលក់ ។ ដោយចាប់ផ្តើមពីការចិញ្ចឹមគោពីលក្ខណៈទៅជាកសិដ្ឋានតូចមួយ ហើយគាត់បានទិញគោចូលជាបន្តបន្ទាប់ និង ទិញដីដាំស្មៅឱ្យគោបន្ថែម បាន ១,៥ ហិកតា ដែលកាលពីមុន គាត់មានដីដាំស្មៅតែ ៣០ អាប៉ុណ្ណោះ ។
លោក ឡេក គឹមហួ បានបន្តទៀតថា ការចិញ្ចឹមគោនេះ គឺត្រូវទាមទារឱ្យយើងលាងសំអាត ក្រោលជារៀងរាល់ថ្ងៃ ថែទាំ អនាម័យវា ទើបវាមានសុខភាពល្អឆាប់ធំធាត់ ហើយទឹក និង លាមកគោ ដែលលាងសំអាតក្រោលគោនោះ រូបលោកបានបញ្ចូលទៅក្នុង ឡបាយអូហ្គាស់ ដើម្បីបញ្ឆេះម៉ាស៊ីនភ្លើង សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និង កាកសំណល់ យកចេញពីឡបាយអូហ្គាស់ លោកបានលក់ឱ្យកសិករក្នុងភូមិ ដោយក្នុង១បាវ មានតម្លៃ៥ ០០០ រៀល ដើម្បីយកទៅដាក់ស្រែចម្ការទៀតផង ។ ទៅថ្ងៃអនាគត លោកចង់បង្កើតកសិដ្ឋានចិញ្ចឹមគោធំមួយ ដោយបណ្តុះបណ្តាលឱ្យកូន ទៅរៀន ពេទ្យសត្វ ដើម្បីបន្តការងាររបស់គាត់ ។ សព្វថ្ងៃ ក្រៅពីការចិញ្ចឹមគោ លោកបានចិញ្ចឹមជ្រូក ចិញ្ចឹម មាន់ និង ចិញ្ចឹមត្រីទៀតផង ។
លោក ជួន ហាង មន្ត្រីកសិកម្ម travelwithgirls.com ស្រុកតាំងគោកបានឱ្យដឹងថា លោក ឡេក គឹមហួ ជាកសិករម្នាក់ឧស្សាព្យាយាម និង ទទួលយកការណែនាំពីមន្ត្រីរពេទ្យសត្វ ទើបគាត់ទទួលបានជោគជ័យក្នុងការចិញ្ចឹមគោរហូតដល់សព្វថ្ងៃនេះ ។ ទោះបីជាការចិញ្ចឹមគោជាលក្ខណៈគ្រសារមានការថយចុះយ៉ាងក្តី ក៏អ្នកភូមិរបស់គាត់ជាច្រើនគ្រួសារបានចាប់អារម្មណ៍ និង រៀនពីរបៀបចិញ្ចឹមគោពីលោក ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ។ បើបងប្អូនចង់ចិញ្ចឹមគោ ដូចលោក ឡេក គឹមហួ ត្រូវឧស្សាព្យាយាម និង អាចមករៀនសូត្រពីលោក ឡេក គឹមហួរ ឬ ក៏អាចទាក់ទងពីបទពិសោធន៍ចិញ្ចឹមគោពីគាត់ តាមរយៈលេខទូរសព្ទនេះ៖ ០៧៧ ២១៧ ៥៥៥ ៕