នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ នេះ គ្រោះរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រ បានវាយប្រហារខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី តែមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនោះឡើយ នេះបើតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និង ភូគព្ភសាស្ត្រប្រចាំប្រទេសបញ្ជាក់។
គួរឱ្យដឹងថា ដំបូងឡើយខាងទីភ្នាក់ងារខាងលើរាយការណ៍ថាគ្រោះរញ្ជួយដីនោះកើតឡើងក្នុងកម្រិត ៦.២ រ៉ិចទ័រ ប៉ុន្តែធ្លាក់ចុះមក ៥.៩ រ៉ិចទ័រក្រោយពិនិត្យផ្ទៀងផ្ទាត់ឡើងម្ដងវិញ។ គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោងប្រមាណ ២ និង ៤៨ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ ដោយចំណុចកណ្ដាលស្ថិតនៅចម្ងាយ ៦២ គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុង Sinabang នៅតំបន់ Simeulue ជាមួយជម្រៅចុះក្រោម ៣០ គីឡូម៉ែត្រ។
តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ម្នាក់ប្រចាំទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តប្រាប់សារព័ត៌មាន Xinhua បានបន្ថែមឱ្យដឹងដែរថា៖ «មិនមានការខូចខាតធ្ងន់ធ្ងរ ឬមានអ្នកបាត់បង់ជីវិតក្នុងតំបន់ដែលរងការវាយប្រហារដោយគ្រោះរញ្ជួយដីនោះឡើយ»៕
ប្រភព៖ Xinhua