នៅព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៥ នេះ ឯកអគ្គរាជទូតចិនប្រចាំប្រទេសកម្ពុជា លោក Wang Wenbin បានធ្វើការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ប្រកាសពីការផ្ដល់ជំនួយទឹកប្រាក់រាប់សិបម៉ឺនដុល្លារដើម្បីជួយសម្រួលការលំបាកដល់បងប្អូន ជនភៀសសឹកនៅកម្ពុជា។
តាមសេចក្ដីប្រកាស អមដោយរូបភាពជាច្រើនសន្លឹកនៃការចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកដោយផ្ទាល់ លោកឯកអគ្គរាជទូតបានរៀបរាប់តាមសំណេរថា៖ «ស្ថានទូតចិនប្រចាំកម្ពុជា នឹងផ្ដល់ជំនួយចំនួន ១០ ម៉ឺនដុល្លារ ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលម្អជីវភាពរស់នៅ។ សូមជូនពរជនរងគ្រោះដោយសង្គ្រាមអាចត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់»៕