ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនៅក្នុងផ្ទះនៅ Bajpai Nagar Multi នាតំបន់ Shahjahanabad ក្រុង Bhopal រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ដោយតាមការស៊ើបអង្កេតដំបូងបញ្ជាក់ថា ករណីនេះមូលហេតុអាចមកពីជនរងគ្រោះតូចចិត្តរឿងឪពុកស្ដីបន្ទោសពេលខ្លួនមកផ្ទះយប់ពេក។ យ៉ាងណាមិញ ប៉ូលិសនៅស៊ើបបន្ថែមលើករណីនេះដើម្បីរកមូលហេតុជាក់លាក់ពិតប្រាកដ។
ក្មេងប្រុសជាជនរងគ្រោះមានឈ្មោះ Ayush Kumar Bhalse អាយុ ១៧ ឆ្នាំ ជាកូនប្រុសរបស់បុរសម្នាក់ឈ្មោះ Mahesh Bhalse ដោយរូបគេបានសម្រេចចិត្តឈប់រៀនសូត្រមកធ្វើការវិញ។ តាមការបញ្ជាក់ពីបុរសជាឪពុកប្រាប់ទៅប៉ូលិសបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នោះបានកើតឡើងនៅព្រឹកព្រលឹមម៉ោង ២ និង ៣០ ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់) ដោយជនរងគ្រោះទើបតែត្រឡប់មកផ្ទះវិញ ធ្វើឱ្យឪពុកខឹងជាខ្លាំងរួចក៏សម្ដីធំសួរនាំដេញដោលរកមូលហេតុអ្វីបានជាមកផ្ទះយប់ជ្រៅខ្លាំងបែបនេះ។
នៅពេលដែលជនរងគ្រោះឆ្លើយតបវិញជាមួយចម្លើយមិនសម លោក Mahesh ក៏បានស្ដីបន្ទោសខ្លាំង រួមទាំងដាក់កំហិតឱ្យកូនមកផ្ទះឱ្យទៀងពេលចាប់ពីពេលនេះតទៅ។ ស្ដីឱ្យកូនរួច លោក Mahesh ក៏បានដើរចូលទៅបន្ទប់ទឹក ហើយពេលចេញមកវិញ ក៏ឃើញកូនប្រុសចាក់សោទ្វារជាប់។

លោកបានស្រែកហៅកូនជាច្រើនលើកច្រើនសាប៉ុន្តែកូនមិនព្រមបើកទ្វារនោះឡើយ ដោយសង្ស័យមានរឿងមិនល្អកើតឡើង លោក Mahesh ក៏បានបំបុកទ្វារចូលទើបស្លុតអារម្មណ៍ព្រោះតែកូនប្រុសបានចង-កបាត់ទៅហើយ។ ក្រុមគ្រួសារបានប្រញាប់នាំជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែជាអកុសលរូបគេត្រូវពេទ្យប្រកាសថាបានស្លាប់ទៅហើយ៕
ប្រភព៖ Kenh14