នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន Samsung Electronics បានប្រកាសដំណឹងដ៏គួរឱ្យសោកស្ដាយបំផុតមួយដោយអគ្គនាយកប្រតិបត្តិ លោក Han Jong-hee បានទទួលមរណភាពហើយក្នុងវ័យ ៦៣ ឆ្នាំដោយសារតែជំងឺគាំងបេះដូង។ តាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនបានបញ្ជាក់ឱ្យដឹងថា លោក Han បានលាចាកលោកដោយជំងឺគាំងបេះដូងខណៈពេលលោកកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយចំពោះអ្នកស្នងតំណែងបន្តគឺនៅមិនទាន់បានសម្រេចនៅឡើយទេ។
មរណភាពភ្លាមៗរបស់លោក Han គឺកើតឡើងស្របពេលក្រុមហ៊ុន Samsung កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីដៃគូប្រជែងចិនក្នុងទីផ្សារ smartphone ក៏ដូចជាផ្នែកទូរទស្សន៍ និង គ្រឿងអេឡិចត្រូនិចផ្សេងៗទៀត។ ជាក់ស្ដែង Samsung បានបាត់បង់ភាពនាំមុខលើទីផ្សារ smartphone របស់ខ្លួនជាមួយនឹងក្រុមហ៊ុន Apple។
គួរឱ្យដឹងថា ក្រោយទទួលបានវិញ្ញាបនបត្រផ្នែកវិស្វកម្មអគ្គិសនីពីមហាវិទ្យាល័យ Inha លោក Han Jong-hee បានចូលរួមជាមួយក្រុមហ៊ុន Samsung Electronics ក្នុងឆ្នាំ ១៩៨៨ ដោយការងារដំបូងដែលលោកទទួលខុសត្រូវគឺខាងជំនួញផ្នែកទូរទស្សន៍។ រហូតមកដល់ឆ្នាំ ២០២២ លោក Han ត្រូវបានចាត់ឡើងធ្វើជាអនុប្រធាន និង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Samsung Electronics៕