នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ (ពេលវេលាក្នុងតំបន់) គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតមួយលើពិភពលោកបានវាយប្រហារចុងបូព៌ាប្រទេសរុស្ស៊ី ក្នុងកម្រិត ៨.៨ រ៉ិចទ័រ នាំឱ្យកើតមាននូវរលកយក្សស៊ូណាមិនៅតាមតំបន់ភាគខាងជើងសមុទ្រប៉ាស៊ីហ្វិក និង ជំរុញឱ្យមានការប្រកាសអាសន្នលើរដ្ឋ Alaska, Hawaii និង ភាគខាងត្បូងឆ្ពោះទៅប្រទេសនូវែលហ្សេឡង់។
តាមទីភ្នាក់ងារឧតុនិយមប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា រលកយក្សស៊ូណាមិដំបូងកម្ពស់ប្រមាណ ៣០ សង់ទីម៉ែត្របានវាយប្រហារលើក្រុង Nemuro ភាគខាងកើតកោះ Hokkaido ខណៈតំបន់ក្នុងប្រទេសរុស្ស៊ីដែលនៅក្បែរចំណុចកណ្ដាលគ្រោះរញ្ជួយដីនាឧបទ្វីប Kamchatka គឺរងការខូចខាត និង មានការជម្លៀសពលរដ្ឋទៅទីតាំងមានសុវត្ថិភាព។
ជាមួយគ្នានោះដែរ រលកយក្សស៊ូណាមិដំបូងក្នុងប្រទេសរុស្ស៊ី បានវាយប្រហារលើតំបន់ឈូងសមុទ្រនៃក្រុង Severo-Kurilsk នាកោះ Kuril ដោយបច្ចុប្បន្នពលរដ្ឋក្នុងក្រុងទាំងអស់ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាពហើយ និង បន្តស្នាក់នៅទីនោះរហូតការព្រមានពីរលកស៊ូណាមិត្រូវបានលុបចោលវិញ នេះបើតាមការបញ្ជាក់របស់អភិបាលក្នុងតំបន់ Valery Limarenko។
គួរឱ្យដឹងថា នាយកដ្ឋានព្រមានពីរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក បានព្យាករណ៍ថា រលកកម្ពស់ពី ១ ទៅ ៣ ម៉ែត្រអាចនឹងវាយប្រហារតាមតំបន់ឈូងសមុទ្រមួយចំនួនដូចជា Hawaii, Chile, ជប៉ុន និង កោះ Solomon។ ដោយឡែក រលកកម្ពស់លើសពី ៣ ម៉ែត្រអាចនឹងវាយប្រហារនៅតាមតំបន់ឈូងសមុទ្រនៃប្រទេសរុស្ស៊ី និង អេក្វាឌ័រ៕
ប្រភព៖ NDTV