គិតតាំងពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៥ រហូតមកទល់ពេលនេះ ទីក្រុង Los Angeles សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតដែលរាលដាលឆេះយ៉ាងសន្ធោសន្ធៅលើផ្ទៃដីរាប់ពាន់ហិកតាមិនទាន់អាចគ្រប់គ្រងបាន។
ខណៈតំបន់ក្នុងក្រុង Los Angeles កំពុងតែស្វះស្វែងតស៊ូប្រយុទ្ធនឹងគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនេះ ក្រឡេកទៅឯម្ខាងទៀតនៃប្រទេស ពោលនៅខាងរដ្ឋ Texas និង រដ្ឋមួយចំនួននាភាគខាងត្បូងសហរដ្ឋអាមេរិកវិញ ក៏កំពុងតែប្រឈមនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរដូចគ្នា។ ពលរដ្ឋជាច្រើនកំពុងតែរងការប៉ះពាល់យ៉ាងខ្លាំងដោយសារតែព្យុះព្រិលវាយប្រហារ ធ្វើឱ្យសីតុណ្ហភាពខ្លាំង និង ព្រិលធ្លាក់ក្នុងកម្រិតក្រាស់រហូតរាប់សិបសង់ទីម៉ែត្រ។
ក្រុមហ៊ុន AccuWeather បានព្យាករណ៍ថា ព្យុះព្រិលនឹងធ្លាក់ចុះមកក្នុងកម្រិត ១ ទៅ ៦ អ៊ីញ (២ – ១៥ សង់ទីម៉ែត្រ) នៅតាមតំបន់កណ្ដាល និង ភាគខាងជើងរដ្ឋ Texas ខណៈភាគខាងជើងក្រុង Dallas, Arkansas, Tennessee និង ភាគខាងកើត North Carolina មានព្រិលធ្លាក់ក្នុងបរិមាណក្រាស់ក្រែលដល់ ១៥-៣០ សង់ទីម៉ែត្ររហូតដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ។
ស្ថានភាពអាកាសធាតុដ៏អាក្រក់នេះដែរបានធ្វើឱ្យតំបន់ជាច្រើននៅ North Texas, Arkansas, Missouri ត្រូវប្រកាសបិទសាលារៀនមួយរយៈ ខណៈខាង Dallas ជើងហោះហើររាប់រយត្រូវបានលុបចោលដូចគ្នា ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះដែរ នៅតាមរដ្ឋផ្សេងៗទៀតដូចជារដ្ឋ Georgia, Alabama ជាដើម ខាងអភិបាលរដ្ឋបានធ្វើការប្រកាសអាសន្ន និង ណែនាំឱ្យពលរដ្ឋខ្លួនទាំងអស់ត្រៀមខ្លួនការពារស្របពេលស្ថានភាពអាកាសធាតុមិនល្អបែបនេះ៕
ប្រភព៖ Kenh14