បើកកសិដ្ឋានចិញ្ចឹមមាន់ និង ភ្ញាស់កូនមាន់លក់ អាចរកចំណូលជិត ២ ពាន់ដុល្លារក្នុង១ខែ
បន្ទាប់ពីវិលត្រឡប់មកពីធ្វើពលករនៅប្រទេសកូរ៉េវិញ មិនដឹងប្រកបរបររកស៊ីអ្វី លោក ឡេង ស៊ីវុទ្ធី ក៏បានបើកកសិដ្ឋានចិញ្ចឹមមាន់ និង ភ្ញាស់កូនមាន់លក់ ដើម្បីរកចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ដោយសារតែមុខរបរចិញ្ចឹមមាន់ និង ភ្ញាស់កូនមាន់លក់បានធ្វើឱ្យ លោក ឡេង ស៊ីវុទ្ធី អាចរកចំណូលបានពី ១ ៥០០ ដុល្លារ ទៅ ២០០០ដុល្លារក្នុង១ខែ ៗ។
កសិដ្ឋានចិញ្ចឹមមាន់ និង ភ្ញាស់កូនមាន់របស់លោក ឡេង ស៊ីវុទ្ធី មានទីតាំងស្ថិតនៅក្នុងភូមិ សុភី ឃុំ សំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នៅពេល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះទៅពិនិត្យដល់កសិដ្ឋានចិញ្ចឹមមាន់របស់លោកនោះ លោក ឡេង ស៊ីវុទ្ធី បានរៀបរាប់ថា កសិដ្ឋានចាប់ផ្តើមចិញ្ចឹមមាន់ស្រែតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ដោយមានការជួយជ្រោមជ្រែងពីមន្ទីរ និងបទពិសោធន៍ចិញ្ចឹមដែលទទួលបានពីប្រទេសកូរ៉េផងនោះ កសិដ្ឋានមានការវិវឌ្ឍន៍ជាបន្តបន្ទាប់ ។ បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមមាន់របស់ខ្ញុំ មានមេមាន់ពូជចំនួន ៣០០ក្បាល ទុកបង្កាត់ ភ្ញាស់យកកូនលក់ ដោយកូនមួយក្បាលមានតមុំ្លៃ ៤៥០០-៥០០០រៀល ហើយកសិដ្ឋានក៏មានចិញ្ចឹមមាន់សាច់សម្រាប់លក់ផងដែរ។
លោក ឡេង ស៊ីវុទ្ធី បានរៀបរាប់បន្តទៀតថា ដោយសារតែមុខរបរចិញ្ចឹមមាន់ និង ភ្ញាស់កូនមាន់លក់នេះ បានធ្វើឱ្យលោកអាចរកចំណូលបានចន្លោះពី ១៥០០ដុល្លារ ទៅ ២០០០ដុល្លារក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បានធ្វើឱ្យជីវភាពគ្រួសាររបស់លោកមានភាពប្រសើរជាងមុន ។
ប្រសិនបើបងប្អូន មានបំណងចង់សិក្សាស្វែងយល់អំពីបច្ចេកទេសចិញ្ចឹម ឬ ភ្ញាស់កូនមាន់សម្រាប់លក់អាចទាក់ទងទៅលោក ឡេង ស៊ីវុទ្ធី ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ ៖ ០១២ ៨៣៧ ៦១៩/០១៥ ៦១៩ ០៧៥៕
រូបថត៖ ក្រសួងកសិកម្ម