ស្រុះគ្នាណាស់! ប្រជាពលរដ្ឋមួយភូមិនាំគ្នាចិញ្ចឹមត្រីអណ្តែងលក់ បង្កើនប្រាក់ចំណូលជួយគ្រួសាររស់យ៉ាងស្រួល
ដោយសារតែវិបត្តិនៃជំងឺកូវីដ ១៩ ប្រជាពលរដ្ឋមិនអាចចេញទៅធ្វើការងារ ឬ ធ្វើចំណាកស្រុករកការងារធ្វើនៅកន្លែងផ្សេងបាននោះ ប្រជាពរដ្ឋមួយភូមិបាននាំគ្នា ចាប់ប្រកបរបរចិញ្ចឹមត្រីអណ្តែងលក់ ដើម្បីដោះស្រាយជីភាពគ្រួសារ ។ នៅពេលដែលអ្នកយកព័ត៍មានបានទៅដល់ភូមិដាច់ស្រយាលមួយគឺភូមិគោកនាវា ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រជាពលរដ្ឋនៅក្នុងភូមិនេះ ចំនួន ២៦គ្រួសារ នៃប្រជាពលរដ្ឋក្នុងភូមិចំនួន ២៨គ្រួសារបាននាំគ្នាចិញ្ចឹមត្រីអណ្តែង តាមការបង្ហាត់បង្រៀនពីមន្ទីរកសិកម្មខេត្ត ។
ដោយឡែកកសិករ ឈ្មោះ សុង ធីតា ដែលជាអ្នកផ្តើមគំនិតដំបូងគេ ក្នុងរបរចិញ្ចឹមត្រីអណ្តែងនេះ បានរៀបរាប់ថា គាត់បានចាប់ផ្ដើមប្រកបមុខរបរចិញ្ចឹមត្រីអណ្តែងនេះ បានរយៈពេល ៥ ខែមកហើយ ចាប់ពី ខែមេសា ឆ្នាំ២០២០ ដោយបានពង្រីកតង់ប្លាស្ទិចចិញ្ចឹមត្រីអណ្ដែងចំនួន ១០តង់ ។ ហើយតង់ទំហំ ៤,៥ ម៉ែត្រគុណ ១៨ ម៉ែត្រ ចំនួន ៥តង់ អាចដាក់កូនត្រីពូជបានចំនួន ១០ គីឡូក្រាមក្នុងមួយតង់ និង តង់ទំហំ ៣ម៉ែត្រគុណ ៥ ម៉ែត្រមានចំនួន ៣ តង់ ដែលអាចដាក់កូនត្រីពូជបានចំនួន ៥គីឡូក្រាមក្នុងមួយតង់ និងមានតង់សម្រាប់ដាក់ផ្សាំកូនត្រីអណ្ដែងចំនួន ២តង់បន្ថែមទៀត ព្រមទាំងស្រះត្រីប្រាមួយ បានដាក់កូនត្រីប្រាចំនួន ៥ ០០០ក្បាល ។
កសិករ សុង ធីតា បានរៀបរាប់ថា ក្រៅពីការចិញ្ចឹមត្រីអណ្តែងលក់ គាត់បានផលិតកូនត្រីអណ្តែងលក់ ដែលក្នុង១ខែៗគាត់អាចរកចំណូលបានចំនួន ៤ ២០០ ០០០ រៀល ក្នុងនោះ គាត់លក់កូនត្រីអណ្តែងឱ្យគេយកទៅចិញ្ចឹមបានចំនួន ២ ៦០០ ០០០ រៀល លក់ត្រីអណ្តែង បាន១ ៦០០០ ០០០ រៀល និងលក់ចកចំណីត្រីបានមួយចំនួនទៀតផង ។ ហើយអ្នកភូមិរបស់គាត់បានប្រកបរបរចិញ្ចឹមត្រីអណ្តែងស្ទើរតែទាំងអស់គ្នា គ្រាន់តែអ្នកខ្លះចិញ្ចឹមតិច អ្នកខ្លះចិញ្ចឹមច្រើន លើកលែងតែ ២ គ្រួសារប៉ុណ្ណោះ ដែលធ្វើចំណាកស្រុកទៅធ្វើការនៅខេត្តមណ្ឌគិរី ។ ប្រសិនបើបងប្អូន ត្រូវការទិញកូនត្រី ទិញត្រីលក់បន្ត អាចទាក់ទងមកកាន់កសិករ សុង ធីតា ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ ០៩៧ ៥៦ ៧៩ ៨៨៦ /០៩៧ ៥៣ ៣១ ៩៨៧៦ ៕