ពីបុគ្គលិកធ្វើការបានប្រាក់ខែ ១៥០ ដុល្លារ ឥលូវក្លាយជាម្ចាស់ក្រុមហ៊ុនមួយ រកចំណូលបានយ៉ាងរំភើយ
កាលពីប៉ុន្មានឆ្នាំមុន គេពុំធ្លាប់បានដឹងថា មានក្រុមហ៊ុនបម្រើសេវាកម្មសម្អាត និង កម្ចាត់សត្វល្អិតនៅតាមផ្ទះនោះឡើយ ។ ប៉ុន្តែឥឡូវនេះ សេវាកម្មសម្អាត និង កម្ចាត់សត្វល្អិតចង្រៃនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ។ លោក រុន ភ័ក្ត្រា កាលពីមុនគ្រាន់តែជាបុគ្គលិកតូចតាច បម្រើការងារនៅក្នុងក្រុមហ៊ុនលក់សម្ភារ និង ទឹកថ្នាំសម្អាតផ្ទះ ដែលទទួលបានប្រាក់ខែតែ ១៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែឥឡូវនេះលោកបានក្លាយទៅជាម្ចាស់ក្រុមហ៊ុនមួយ ដែលបម្រើសេវាកម្មខាងផ្នែកសម្អាតផ្ទះ និង កម្ចាត់សត្វល្អិតចង្រៃជូនអតិថិជន ។
រាល់ថ្ងៃនេះ សេវាកម្មសម្អាតផ្ទះ និង កម្ចាត់សត្វល្អិតចង្រៃរបស់លោកកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ។ មិនត្រឹមតែអ្នកនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ សូម្បីតែអ្នកនៅតាមបណ្តាខេត្ត ក្រុងឆ្ងាយៗក៏មករកសេវាកម្មពីក្រុមហ៊ុនរបស់លោកដែរ ។ លោក រុន ភ័ក្ត្រា បានរៀបរាប់ថា ក្រុមហ៊ុនសម្អាតផ្ទះ និង កម្ចាត់សត្វល្អិតចង្រៃរបស់ខ្ញុំនេះ បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ ។ ក្នុងការបង្កើតអាជីវកម្មនេះឡើង មុនដំបូងខ្ញុំយល់ឃើញថា នៅទីក្រុងភ្នំពេញសម្បូរទៅដោយផ្ទះ និង បុរី ដែលគេកំពុងសាងសង់ច្រើន ដូច្នេះពួកគាត់មានតម្រូវការខាងសម្អាត និង កម្ចាត់សត្វល្អិត ហើយកម្លាំងពលកម្ម ដែលធ្វើសេវាកម្មខាងផ្នែកនេះគឺមិនទាន់មាននៅឡើយទេ បើមានគឺតិចតួចបំផុត ។ បន្ទាប់ពីធ្វើការឱ្យគេខាងផ្នែកលក់សម្ភារ និង ទឹកថ្នាំសម្អាតផ្ទះបានប៉ុន្មានឆ្នាំមក ខ្ញុំក៏មានចំណាប់អារម្មណ៍ថា ខ្ញុំគួរតែបង្កើតសេវាកម្មនេះឡើង ដោយខ្ញុំមានបច្ចេកទេសខាងផ្នែកលាយទឹកថ្នាំសម្អាតផ្ទះ និង កម្ចាត់សត្វល្អិតនេះស្រាប ។
ក្នុងការបើកក្រុមហ៊ុនបម្រើសេវាកម្មនេះមុនដំបូង ខ្ញុំមិនមានលុយកាក់នោះទេ មានលុយមួយចំនួនខ្ញុំបានសន្សំ និង លួចលាក់មិនឱ្យប្រពន្ធដឹងឡើយ ដើម្បីទុកទិញសម្ភារប្រើប្រាស់ ហើយនៅពេលជិតបើកដំណើរការក្រុមហ៊ុនខ្ញុំបានលក់ម៉ូតូដែលខ្ញុំជិះរាល់ថ្ងៃ ដើម្បីយកលុយមកទិញម៉ាស៊ីនបូម ពេលនោះពិតជាមានការលំបាកខ្លាំងណាស់ ព្រោះអ្វីៗគឺថ្មីទាំងអស់ ។
បន្ទាប់ពីបើកក្រុមហ៊ុនបានហើយ ខ្ញុំបានព្យាយាមទាក់ទងសម្អាតផ្ទះឱ្យគេ ដោយមានផ្ទះខ្លះគិតតម្លៃត្រឹម៥០ភាគរយ និង ខ្លះទៀតសម្អាតឱ្យគេទទេតែម្តង ដើម្បីចង់ឱ្យពួកគាត់ស្គាល់ពីអាជីវកម្មរបស់ពួកយើង ។ កាលពីឆ្នាំ ២០១២ មិនសូវមានភ្ញៀវដឹង និង ស្គាល់ថា មានសេវាកម្មបែបនេះទេ មានប្រហែលតែ ១%ប៉ុណ្ណោះ ដែលបានដឹង និង ស្គាល់ថា មានសេវាកម្មបែបនេះ ។ ហើយរយៈពេល ២ ឬ ៣ឆ្នាំក្រោយមក នៅពេលអតិថិជនចាស់ៗដូចជាពួកគាត់ទិញផ្ទះនៅបុរី ហើយពួកគាត់ដាក់ផ្ទះជួល ពួកគាត់បានប្រើសេវាកម្មយើង ដោយបានឃើញថា សេវាកម្មយើងល្អ ពួកគាត់មានទំនុកចិត្ត ហើយក៏តែងតែផ្តល់ការគាំទ្រ និង ល្បីតៗគ្នារហូតមក ។ ចាប់ពីឆ្នាំ ២០១៥មក ទើបអតិថិជនចាប់ផ្តើមស្គាល់សេវាកម្មរបស់យើងច្រើន ។ ពាក់ព័ន្ធនឹងតម្លៃវិញគឺយើងឆែកមើលតាមប្រភេទចម្ងាយ និង ទំហំទីតាំងផ្ទះ ហើយការប្រឡាក់របស់គាត់នោះ ប្រឡាក់ដោយស៊ីម៉ង់ ឬ ក៏ថ្នាំ កាវ ឬ ក៏ស្នឹមច្រើន យើងមើលទៅតាមនោះ ហើយយើងជាអ្នកលក់ផលិតផលទឹកថ្នាំសម្អាតនេះស្រាប់ យើងដឹងថា យើងត្រូវប្រើជាមួយទឹកថ្នាំប្រភេទអ្វី ផលិតផលអ្វី ។ សម្រាប់ផ្ទះនៅក្នុងរាជធានីភ្នំពេញ បើផ្ទះនៅជាន់អឺហ្ស៊េរ៉ូ ចាប់ពីឡៅតឿចុះក្រោម សម្អាតទាំងអស់មួយចប់គឺ យើងគិតតម្លៃ ៨០ដុល្លារ ។ ពាក់ព័ន្ធនឹងផ្ទះជាន់ទី១ចុះក្រោម មានប្លង់សេ២សន្លឹក គឺយើងគិតតម្លៃ ពី ១៥០ដុល្លារ , ១៨០ដុល្លារ ទៅ ២០០ដុល្លារ តាមផ្ទះប្រឡាក់ខ្លាំង ឬ មិនសូវប្រឡាក់ ។
នៅមុនពេលជំងឺកូវីដចូលរាតត្បាតសេវាកម្មសម្អាតផ្ទះ និង កម្ចាត់សត្វល្អិតរបស់លោក រុន ភ័ក្ត្រា មានការមមាញឹកគួរសម ប៉ុន្តែនៅពេលជំងឺកូវីដបានចូលមកដល់ វាបានធ្វើឱ្យសេវាកម្មរបស់លោកមានការថយចុះប្រហែលជា៣០% ទៅ ៤០%ដែរ ។ លោក រុន ភ័ក្ត្រា បានបន្តទៀតថា ឥឡូវនេះ តម្រូវការសេវាកម្មនេះ ចាប់ផ្តើមកើនឡើងវិញហើយ ដោយមានអតិថិជនបានហៅទៅសម្អាតនៅខេត្តស្ទឹងត្រែង កំពង់ធំ និង ខេត្តសៀមរាប ។ បច្ចុប្បន្ននេះ លោកមានបុគ្គលិកចំនួន ៤៥នាក់ ដើម្បីបម្រើសេវាកម្មជូនអតិថិជន ។ ជាមធ្យមក្នុងមួយថ្ងៃ ក្រុមការងាររបស់លោកអាចបម្រើសេវាកម្មជូនអតិថិជននូវផ្ទះយ៉ាងតិចបំផុតចំនួន ៣ ឬ ៤ផ្ទះ ដែលអាចរកចំណូលបានចន្លោះពី ៦០០ដុល្លារ ទៅ ៨០០ដុល្លារក្នុងមួយថ្ងៃ ។
លោក រុន ភ័ក្ត្រា គឺជាកូនចៅអ្នកខេត្តសៀមរាប មានបងប្អូនចំនួន ៩នាក់ ដោយសារតែជីវភាពក្រីក្រ លោកបានឈប់រៀនត្រឹមថ្នាក់ទី ១០ប៉ុណ្ណោះ ហើយក៏បានមករកការងារធ្វើនៅក្នុងទីក្រុងភ្នំពេញ ដោយមកធ្វើជាអ្នកលក់ផលិតផលសម្ភារ និង ទឹកថ្នាំសម្អាតផ្ទះឱ្យក្រុមហ៊ុនមួយ រហូតដល់បែកគំនិតបើកក្រុមហ៊ុនបម្រើសេវាកម្មសម្អាតផ្ទះ និង កម្ចាត់សត្វល្អិតចង្រៃ ដោយខ្លួនឯងដល់សព្វថ្ងៃនេះ ។ ប្រសិនបើបងប្អូនមានចម្ងល់ ឬ ចង់បានសេវាកម្មពីពួកគាត់ អាចទាក់ទងទៅលោក រុន ភ័ក្ត្រា ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៧៨៨៩៨ ១៣៨ , ០៨៨ ៥៣៥៥ ៤៥៤ ៕