បង្ហាញបច្ចេកទេសពិសេសៗចិញ្ចឹមបង្កងអូស្ត្រាលី ដែលទទួលបានទិន្នផលខ្ពស់ ទាញចំណូលបានច្រើន
នៅពេលជំងឺកូវីដចូលរាតត្បាត ប្រជាពលរដ្ឋមួយចំនួននៅតាមតំបន់ជនបទស្រុកស្រែចម្ការ បាននាំគ្នាងាកមកប្រកបរបរ ដាំដុះបន្លែ ចិញ្ចឹមមាន់ ត្រី សាច់ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ។ បន្ទាប់ពីមើលឃើញបង្កងកំពុងតែមានតម្រូវការទីផ្សារ និង ពិបាកក្នុងការរកទិញហូបផងនោះ លោក បុត្រ ព្រហ្មលក្ខ័ណ៍ និង ដៃគូក៏បានបង្កើតកសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ អូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បច្ចុប្បន្ននេះ នៅក្នុងកសិដ្ឋានចិញ្ចឹមបង្កងរបស់លោក បុត្រ ព្រហ្មលក្ខ័ណ៍ មានអាងចិញ្ចឹមបង្កងចំនួន ២៨អាង ហើយលោកក៏មានគម្រោងពង្រីកផ្ទៃដីចិញ្ចឹមបង្កងឱ្យបានរហូតដល់ទៅ២០ ហិកតាបន្ថែមទៀតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ។ លោក បុត្រ ព្រហ្មលក្ខ័ណ៍ បានមានប្រសាសន៍តាមទូរស័ព្ទពីខេត្តប៉ៃលិនមកថា តាមពិតទៅ ខ្ញុំទើបតែចិញ្ចឹមបង្កងនៅក្នុងខែឧសភា ឆ្នាំ ២០២០នេះទេ មូលហេតុដែលនាំឱ្យខ្ញុំចាប់ផ្តើមចិញ្ចឹមបង្កងនេះ ដោយសារតែខ្ញុំ មើលឃើញទីផ្សារបង្កងល្អ និង ការដើររកទិញបង្កងយកមកហូបមានការពិបាកខ្លាំងពេកមិនសូវសម្បូរ ហើយម្យ៉ាងវិញទៀត ដោយសារខ្ញុំស្រលាញ់ និង ចូលចិត្តការចិញ្ចឹមបង្កងផងនោះ ទើបខ្ញុំ និង ដៃគូ ២នាក់ទៀត ផ្តួចផ្តើមបើកកសិដ្ឋានចិញ្ចឹមបង្កងអស្ត្រាលីនេះតែម្តង ។ កាលពីខ្ញុំទិញបង្កងយកមកចិញ្ចឹមដំបូងគឺទិញមេចំនួន ៥០០ក្បាល និង បាចំនួន ៥០០ក្បាល សរុបចំនួន ១០០០ក្បាល ។ ការបោះដើមទុនក្នុងការចិញ្ចឹមបង្កងនេះគឺចំណាយទៅតាមការចិញ្ចឹមខ្នាតតូចឬធំ តែចំពោះខ្ញុំមុនដំបូង ចំណាយដើមទុនអស់ចំនួន ៣ម៉ឺនដុល្លារ ប៉ុន្តែឥឡូវកំពុងតែពង្រីកបន្តទៀត ។ បច្ចុប្បន្ននេះ ខ្ញុំមានអាងចិញ្ចឹមបង្កងចំនួន ២៨អាង ។ ចំពោះការទិញមេ និង បាបង្កងនេះ មានកន្លែងខ្លះលក់ ១គូតម្លៃពី ៧ដុល្លារ ទៅ ១០ដុល្លារទៅតាមកន្លែងនីមួយៗ តែបើ់មេបង្កងមានពងតែម្តងគឺមួយមានតម្លៃ ១៥ដុល្លារ ។ មេបង្កងពងមួយអាចបង្កើតកូនបានពី ២៥០ ទៅ ៥០០កូន ។
**បច្ចេកទេសក្នុងការចិញ្ចឹមបង្កងអូស្ត្រាលី
លោក បុត្រ ព្រហ្មលក្ខ័ណ៍ មានប្រសាសន៍បន្តទៀតថា ការចិញ្ចឹមបង្កងអូស្ត្រាលីនេះគឺមិនមានអ្វីដែលពិបាកនោះទេ ហើយអ្វីដែលពិបាកនោះគឺការថែទាំទឹក បើពុំនោះទេបង្កងអាចងាប់ ដូច្នេះយើងត្រូវដូរទឹកកុំឱ្យវាធុំក្លិនទាន់ ។ ការចិញ្ចឹមបង្កងនេះ ខ្ញុំមិនបានទៅរៀនសូត្រពីណាមកនោះទេ តែនៅពេលខ្ញុំចាប់ផ្តើមចិញ្ចឹមបង្កង ខ្ញុំបានដើរសិក្សានៅតាមកសិដ្ឋានគេចិញ្ចឹមបង្កងនេះ ដើម្បីដកស្រងបទពិសោធពីការចិញ្ចឹមបង្កងនេះ ។ នៅពេលខ្ញុំចុះទៅជួបផ្ទាល់មិនអាចធ្វើតាមសៀវភៅគេណែនាំនោះទេ គឺចិញ្ចឹមទៅតាមបទពិសោធរបស់យើងរៀងៗខ្លួន មានកន្លែងខ្លះចិញ្ចឹមទៅបរាជ័យ បង្កងងាប់អស់ ហើយកន្លែងណាចិញ្ចឹមទៅរស់ យើងធ្វើតាមគាត់ទៅ ។ ក្នុងការចិញ្ចឹមបង្កងនេះ បើយើងចិញ្ចឹមដាក់ក្នុងអាង យើងត្រូវធ្វើអាង មុននឹងយើងដាក់ទឹកចូលយើងត្រូវមើលអាងជាមុនសិន កុំឱ្យអាងនោះមានជាតិកំបោរ ឬ ស៊ីម៉ង់ ដូច្នេះយើងត្រូវលាបឡាងកូតរួចយើងត្រូវដាក់ទឹកក្នុងអាងត្រាំក្នុងរយៈ ១០ថ្ងៃជាមួយដើមចេក ដើមទន្ទ្រានខែត្រ ដើម្បីបន្សាបជាតិកំបោរ ឬ ស៊ីម៉្មងត៍នៅក្នុងអាងនោះ បន្ទាប់មកយើងបូមទឹកក្នុងអាងនោះចោល ហើយយើងដាក់ទឹកសម្រាប់ចិញ្ចឹមបង្កងចូល តែយើងក៏ត្រូវមើល កំហាប់ទឹក កំហាប់អំបិល នៅក្នុងទឹកនោះដែរ ដោយគេមានឧបករណ៍សម្រាប់មើល។ នៅពេលមើលទៅឃើញមានភីអេករបស់វា ៧ ឬ ៧កន្លះគឺយើងអាចដាក់បង្កងចិញ្ចឹមបានហើយ បន្ទាប់មកយើងដាក់អំបិលចូល បើអាងនោះមានទំហំ ១៨ម៉ែត្រការ៉េ ឬ ២០ម៉ែត្រការ៉េគឺយើងដាក់អំបិល១គីឡូក្រាម ចំពោះទឹក យើងត្រូវដាក់កម្ពស់ ២តឹក ឬ ២ តឹកកន្លះ បើយើងដាក់ទឹកជ្រៅពេកអត់មានអុកស៊ីហ្ស៊ែន ដែលធ្វើឱ្យបង្កងងាប់ ហើយយើងក៏ត្រូវប្រក់តង់ពីលើឱ្យត្រជាក់ដែរ ។ ក្នុងអាង១ម៉ែត្រការ៉េយើងអាចដាក់កូនបង្កងបានចំនួន ៧ក្បាល ។
ចំពោះចំណី យើងត្រូវដាក់ឱ្យបង្កងស៊ីចំនួន២ដងក្នុង១ថ្ងៃ គឺនៅវេលាម៉ោង ៥ព្រឹកម្តង និង នៅម៉ោង៥ល្ងាចម្តងទៀត ហើយវាស៊ីតែរយៈពេល ១ម៉ោងកន្លះគឺវាឈប់ស៊ីហើយ ។ ចំណីដែលយើងដាក់ឱ្យបង្កងអូស្ត្រាលីស៊ីនេះគឺយើងឱ្យស៊ីចំណីមកពីថៃក៏បាន ឬ មកពីវៀតណាមក៏បាន ។ ក្នុងបង្កង១០០០ក្បាល យើងឱ្យចំណីវាស៊ីតែកន្លះខាំ ឬ ១ខាំនោះទេក្នុងមួយពេល ចំពោះបង្កងនេះ បើយើងដាក់ចំណីឱ្យវាស៊ីស្ទើរឬស៊ីមិនឆ្អែតគឺវាខាំគ្នាវាស៊ី ។ យើងមិនបាច់ប្រើចំណីផ្សំស្រាប់ក៏បានដែរ ដោយយើងប្រើចំណីកូនត្រី ឬ កំពឹស គឺវាស៊ីដូចគ្នា ។ ប្រភេទរុក្ខជាតិឬបន្លែ ដែលជាចំណីរបស់វា ដូចជាការ៉តស្ពៃ ល្ពៅ ចេក ស្ងោរច្របាច់បញ្ចូលគ្នាដាក់ឱ្យវាស៊ី ក៏បានដែរ ។ បើនៅក្ុងស្រះយើងដាក់ស្បែកគោ ផ្លែឈើក៏វាស៊ីដែរ ។ បង្កងនេះ ចិញ្ចឹមរយៈពេល ៦ខែយើងអាចលក់បានហើយ រាល់ថ្ងៃនេះ ខ្ញុំគ្រាន់តែចែក ឬ លក់កូនឱ្យគេនោះទេ ខ្ញុំផលិតកូនបង្កងលក់ឱ្យគេបានចំនួន ១ម៉ឺនកូន ទៅ ២ម៉ឺនកូនបង្កងហើយ ។ ហើយការលក់កូនបង្កងនេះ លក់ទៅតាមខ្នាតរបស់វា គឺកូនបង្កងមួយលក់ក្នុងតម្លៃពី ១៥០០រៀល ទៅ ២០០០រៀល ។
ឥឡូវនេះ ខ្ញុំជីកស្រះចំនួន៤ស្រះក្នុង១ហិកតា ដាក់កូនបង្កងចំនួន ២ម៉ឺនក្បាលចូល ។ ហើយខ្ញុំក៏មានគម្រោងពង្រីកផ្ទៃដីចិញ្ចឹមបង្កងលើផ្ទៃដីទំហំ ២០ហិកតា បន្ថែមទៀត ។ ឥឡូវនេះបង្កងរបស់ខ្ញុំមានការលូតលាស់ល្អ លែងមានបញ្ហាអ្វីទៀតហើយ តែកាលពីមុនដំបូង ខ្ញុំខាតអស់រាប់ពាន់ដុល្លារ ។ បើបងប្អូនចង់ជ្រាបច្បាស់ពីវិធីចិញ្ចឹមបង្កងបន្ថែមទៀតនោះ អាចទាក់ទងទៅកាន់លោក បុត្រ ព្រហ្មលក្ខ័ណ៍ ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៩៧ ៩៤៧៨៤៧៧ ៕
រូបថត ៖ក្រសួងកសិកម្ម