៤ នាក់បានស្លាប់ និង ៥ នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះហ្គាសដ៏រន្ធត់ … (វីដេអូ)
ហ្គាសត្រូវបានគេស្គាល់ថាជាសារធាតុគីមីដែលងាយផ្ទុះបំផុត សព្វថ្ងៃនេះហ្គាសជាតម្រូវការប្រើប្រាស់ជាទូទៅតាមផ្ទះនីមួយៗសម្រាប់ចម្អិនអាហារ តែដោយកង្វះការប្រុងប្រយ័ត្នពេលខ្លះក៏បង្កជាហានិភ័យផ្សេងៗ ពិសេសកន្លែងបញ្ចូលហ្គាសដែលខ្វះការប្រុងប្រយ័ត្ននឹងរងនូវហានិភ័យខ្ពស់ ។
ជាក់ស្តែងមនុស្ស ៤ នាក់បានស្លាប់ និង ៥ នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះហ្គាសមួយដែលកើតឡើងនាវេលាម៉ោងប្រមាណ ៤ កន្លះ ល្ងាចថ្ងៃសៅរ៍ទី ១៨ កក្កដា ២០២០ កន្លងទៅ នៅហាងលក់ហ្គាសមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី ៣ រាជធានីភ្នំពេញ ។ បើតាមការឱ្យដឹងពីអាជ្ញាធរមានសមត្ថកិច្ច គ្រោះអកុសលនេះកើតឡើងដោយសារតែការផ្សារអេឡិចត្រិចធុងហ្គាសខុសបច្ចេកទេស បង្កឱ្យផ្ទុះធុងហ្គាសហើយបង្កើតជាអគ្គិភ័យតែម្ដង ។
សូរសំឡេងផ្ទុះលាន់សន្ធឹកគួរឱ្យព្រឺខ្លាច អណ្ដាតភ្លើងឆាបឆេះក្រហមពេញមេឃ មនុស្សម្នារត់ប្រសេចប្រសាចដោយភ័យរន្ធត់ ។ នេះគឺជាសោកនាដកម្មកណ្ដាលទីក្រុងភ្នំពេញ បង្កឡើងដោយការផ្ទុះធុងហ្គាស ៕
អត្ថបទ និង វីដេអូដោយ៖ ឃឹម តារា