ប្រទេសចិន បានដាក់ចេញច្បាប់ថ្មីរឹតបន្ដឹងលើអ្នកផលិតមាតិកា (influencer) តម្រូវឱ្យពួកគេបង្ហាញតឹកតាងដូចជា វិញ្ញាបនបត្រ ឬ អាជ្ញាប័ណ្ណបញ្ជាក់ពីវិជ្ជាជីវៈផ្សេងៗ ប្រសិនបើពួកគេមានបំណងចង់បង្ហោះនិយាយពីប្រធានបទពាក់ព័ន្ធនឹង ហិរញ្ញវត្ថុ ផ្នែកច្បាប់ ផ្នែកអប់រំ ឬ ផ្នែកវេជ្ជសាស្ត្រ ជាដើម ដោយច្បាប់ថ្មីនេះចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ តទៅ។

តាមរដ្ឋបាលបណ្ដាញអ៊ីនធឺណែតប្រចាំប្រទេសចិន (CAC) បានបញ្ជាក់ថា ច្បាប់អនុវត្តថ្មីនេះដាក់ចេញឡើងក្នុងគោលបំណងទប់ស្កាត់ព័ត៌មានមិនពិត និង ការពារសាធារណជនពីការណែនាំមិនត្រឹមត្រូវ។ បណ្ដាញសង្គមដូចជា Douyin, Bilibili និង Weibo ជាដើម ឥលូវនេះនឹងត្រូវទទួលខុសត្រូវក្នុងការពិនិត្យមើលថាអ្នកបង្កើតមាតិកាណាមានវិញ្ញាបនបត្រ និង ធានាថាការបង្ហោះរបស់ពួកគេភ្ជាប់មកជាមួយការដកស្រង់ ឬការបដិសេធត្រឹមត្រូវផងដែរ។

បន្ថែមពីនេះ អ្នកបង្កើតមាតិកាត្រូវតែមានការបញ្ជាក់ឱ្យច្បាស់ៗថា ព័ត៌មានដែលពួកគេយកមកផ្សព្វផ្សាយមានប្រភពមកពីការសិក្សា ឬក៏វីដេអូពួកគេប្រើខ្លឹមសារទាញយកមកពី AI។ ជាមួយគ្នានោះដែរ ខាង CAC ក៏បានហាមប្រាមមិនឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលពេទ្យ អាហារបំប៉ន និង អាហារសុខភាពនោះឡើយ ដើម្បីបញ្ចៀសការធ្វើមាតិកាអប់រំដើម្បីផ្សព្វផ្សាយផលិតផល។

យ៉ាងណាមិញ ខណៈខាងអាជ្ញាធរលើកឡើងថា ច្បាប់ថ្មីនេះនឹងជួយបង្កើនទំនុកចិត្ត និង ធានាបាននូវភាពត្រឹមត្រូវ ក៏មានមតិមិនយល់ស្របជាច្រើនផងដែរ ដោយពួកគេបានលើកឡើងថា តាមរយៈការកំណត់លើបុគ្គលណាអាចវែកញែកលើប្រធានបទជាក់លាក់ណាមួយនោះ គឺរដ្ឋាភិបាលអាចនឹងបំបិទសិទ្ធិបញ្ចេញសំឡេងឯករាជ្យ និង បង្រួមវិសាលភាពនៃការជជែកវែកញែកជាសាធារណៈ៕
