ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានស្លាប់ និង សមាជិកគ្រួសារ ៤ នាក់ផ្សេងទៀតរងរបួស ក្រោយបំណែកថ្មភ្នំដ៏ធំបានធ្លាក់មកចំផ្ទះរបស់ពួកគេ។ ហេតុការណ៍ដ៏រន្ធត់នេះដែរបានកើតឡើងនៅវេលាម៉ោងប្រមាណ ១ និង ៥០ នាទីយប់ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) នៅភូមិ Devat សង្កាត់ Pithoragarh រដ្ឋ Uttarakhand ប្រទេសឥណ្ឌា។
ជុំវិញហេតុការណ៍នេះដែរ ខាងក្រុមភ្នាក់ងារឆ្លើយតបបន្ទាន់រួមមាន ក្រុមប៉ូលិស ក្រុមពន្លត់អគ្គិភ័យ និង កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយប្រចាំរដ្ឋ បានចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗដើម្បីធ្វើការសង្គ្រោះជនរងគ្រោះ។
សពក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមកងកម្លាំងរកឃើញក្រោមថ្ម និង បំណែកផ្ទះ ខណៈសមាជិកគ្រួសារ ៤ នាក់ផ្សេងទៀតបានរងរបួសស្រាល៕