កាលពីយប់ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ កម្មវិធីប្រកួតសម្រស់ Miss Universe ហ្វីលីពីន ២០២៥ បានឈានដល់វគ្គបញ្ចប់ហើយ ដោយម្ចាស់មកុដថ្មីបានទៅលើស្រីស្រស់ Maria Ahtisa Manalo ដោយរូបនាងនឹងតំណាងឱ្យប្រទេសហ្វីលីពីនទៅប្រកួតលើឆាកអន្តរជាតិដែលនឹងរៀបចំធ្វើឡើងក្នុងប្រទេសថៃ។
ជាការពិតណាស់ តំណែងមួយនេះបានធ្វើឱ្យ Ahtisa Manalo រំភើបខ្លាំងរកអ្វីថ្លែងពីអារម្មណ៍នាងសឹងពុំបាន ព្រោះថានេះជាលើកទី ៣ ហើយដែរនាងបានមានឱកាសចូលកម្មវិធី Miss Universe ហើយក៏ជាលើកទី ៥ ដែរដែលនាងបានចូលរួមប្រកួតលើវិស័យបវរកញ្ញា។ ជាមួយនឹងការវិលត្រឡប់មកវិញនេះដែរ Ahtisa Manalo គឺត្រូវបានមហាជនរំពឹងខ្លាំងមែនទែនថានាងនឹងអាចយកឈ្នះមកុដបាន ហើយការខិតខំប្រឹងប្រែងតាមក្ដីស្រមៃរបស់នាងគឺពិតជាមិនធ្វើឱ្យមហាជនអ្នកគាំទ្រនាងខកបំណងនោះឡើយ។
Maria Ahtisa Manalo អាយុ ២៨ ឆ្នាំ បានកើតនៅតំបន់ Candelaria ក្រុង Quezon ប្រទេសហ្វីលីពីន។ នាងបានបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និង បច្ចុប្បន្នកំពុងបំពេញការងារជាតារាម៉ូដែល។ Ahtisa Manalo មានកម្ពស់ ១.៧៣ ម៉ែត្រ ហើយនាងតែងត្រូវបានវិបសាយគាំទ្រកម្មវិធីបវរកញ្ញាជាច្រើនសរសើរពីរូបសម្រស់ និង ស្នាមញញឹមដ៏ទាក់ទាញរបស់នាង។
មុនក្លាយជាម្ចាស់មកុដ Miss Universe ហ្វីលីពីន ២០២៥ Ahtisa Manalo គឺធ្លាប់បានបង្ហាញខ្លួនក្នុងកម្មវិធីប្រកួតសម្រស់ទាំងជាតិ និង អន្តរជាតិច្រើនលើកមកហើយ។ ជាក់ស្ដែង កាលពីឆ្នាំ ២០១៨ នាងបានចូលប្រកួតសម្រស់ Miss Philippines ដោយទទួលបានតំណែងលំដាប់រងទី ៣។ ក្រោយមកទៀត ខាង Miss Philippines ក៏បានបញ្ជូននាងទៅប្រកួតកម្មវិធី Miss International 2018 នៅជប៉ុន ដោយទទួលបានតំណែងលំដាប់រងទី ១។ ក្នុងឆ្នាំ ២០២៤ នាងបានបន្តក្ដីស្រមៃចូលប្រកួតកម្មវិធី Miss Universe ដោយពេលនោះទទួលបានតំណែងលំដាប់រងទី ២ ហើយក្រោយមកក្នុងឆ្នាំដដែលនាងក៏មានឱកាសចូលប្រកួតកម្មវិធី Miss Cosmo នៅវៀតណាម ប៉ុន្តែនាងជាប់បានត្រឹមលំដាប់ top 10។
ភាពជោគជ័យរបស់ Ahtisa Manalo លើកនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញា រួមទាំងវិបសាយបវរកញ្ញាល្បីៗដូចជា Missosology និង Sash Factor ចែករំលែកការអបអរ និង សរសើរចំពោះការតស៊ូប្រឹងប្រែងរបស់នាងជាខ្លាំង៕