នារីវ័យ ២៦ ឆ្នាំម្នាក់នៅប្រទេសចិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារក្រោយរូបនាងរកឃើញថាពិតជាបានលក់កូនប្រុសបង្កើតខ្លួនឯងចំនួន ២ រូប ដើម្បីយកលុយមកចាយជីវិតហ៊ឺហា និង ឱ្យធីបទៅអ្នកឡាយវីដេអូតាមបណ្ដាញសង្គម។
តាមរបាយការណ៍ព័ត៌មានពី Sinar Harian បានចេញផ្សាយថា នារីវ័យក្មេងខាងលើមានឈ្មោះ Huang ត្រូវគេយកចិញ្ចឹមតាំងពីក្មេង ធំធាត់ឡើងដោយគ្មានការថែទាំ ឬផ្ដល់ចំណេះដឹងបានត្រឹមត្រូវ ដោយកាលៈទេសៈនេះហើយនាំឱ្យរូបនាងសម្រេចចិត្តចាកចេញពីផ្ទះតាំងពីនៅក្មេងវ័យ។ នាង Huang បានផ្លាស់ទៅរស់នៅក្នុងក្រុង Fuzhou ខេត្ត Fujian ប្រទេសចិន ដោយនាងចិញ្ចឹមជីវិតខ្លួនឯងដោយការធ្វើការងារក្រៅម៉ោងឱ្យគេ។
មកដល់ខែតុលា ឆ្នាំ ២០២០ នាងបានផ្ដល់កំណើតឱ្យកូនប្រុសដំបូង ហើយដោយការពិបាកផ្នែកលុយកាក់ រួមទាំងគ្មានការជួយផ្គត់ផ្គង់ពីឪពុកក្មេងផងនោះ នាងក៏សម្រេចចិត្តលក់កូនទៅឱ្យគេ។ ម្ចាស់ផ្ទះរបស់នាងឈ្មោះ Wei បានណែនាំ Huang ឱ្យសាច់ញាត់របស់គាត់ម្នាក់ឈ្មោះ Li ដែលកូនស្រីគាត់មិនអាចមានកូនបានហើយក៏កំពុងរកកូនចិញ្ចឹម។ ក្រុមគ្រួសារ Li ក៏បានឱ្យប្រាក់ចំនួន ៤៥០០០ យ័ន (ប្រមាណ ៦២៧៣ ដុល្លារ) ទៅ Huang ជាថ្លៃលក់កូនឱ្យពួកគេយកទៅចិញ្ចឹម។
ក្រោយបានលុយ នាង Huang សប្បាយអរប្រើប្រាស់ចាយវាយជីវិតហ៊ឺហាអភិជន ហើយលុយទាំងនោះដែរក៏ចាយខ្ជះខ្ជាយអស់ទៅលើការឱ្យធីបអ្នកឡាយវីដេអូតាមបណ្ដាញសង្គម និង ទិញសម្លៀកបំពាក់ថ្លៃៗយកមកពាក់ហ៊ឺហា។ អ្វីកាន់តែហួសចិត្តជាងនេះទៀត នាងមិនត្រឹមតែលក់កូនដំបូងនោះប៉ុណ្ណោះទេ តែនាងក៏ព្យាយាមឱ្យខ្លួនឯងពពោះបានកូនទី ២ ដើម្បីបំណងយកទៅលក់យកលុយមកចាយទៀតផងដែរ។
ជាក់ស្ដែង ក្រោយអស់លុយចាយ នាង Huang បានចាប់ផ្ដើមដើរប្រមាញ់រកបុរសៗមកគេងជាមួយនាងដើម្បីតែចង់ពពោះម្ដងទៀតយកកូនទៅលក់យកលុយ។ ដល់ឆ្នាំ ២០២២ នាងក៏បានបង្កើតបានកូនប្រុសម្នាក់ទៀតដូចបំណង ហើយក៏យកកូនទៅលក់ឱ្យឈ្មួញកណ្ដាលក្នុងតម្លៃ ៣៨០០០ យ័ន (៥២៩៧ ដុល្លារ)៕
ប្រភព៖ World Of Buzz