តូចតែខ្លឹម! ប្រទេសទាំង ៥ តូចជាងគេក្នុងលោក ប៉ុន្តែមានទេសភាពទាក់ទាញបំផុត
ប្រទេសនានានៅលើពិភពលោកអាចមានភាពចម្លែក និង មានការពិតដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន តែអ្នកឆ្ងល់ទេថាប្រទេសណាដែលធំជាងគេ ឬ តូចជាងគេក្នុងពិភពលោក។ ខាងក្រោមនេះ អ្នកនឹងបានស្គាល់ពីប្រទេសតូចបំផុតទាំង ៥ ក្នុងពិភពលោក ប៉ុន្តែកន្លែងទាំងនោះផ្ទុកទៅដោយផ្ទាំងទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។
១. ប្រទេសលីចតេនស្ទីន (Liechtenstein)
លីចតេនស្ទីន គឺជាប្រទេសដែលគួរឱ្យចាប់អារម្មណ៍មួយ ដែលត្រូវបានគេរកឃើញនៅចន្លោះប្រទេសស្វីស និង ប្រទេសអូទ្រីស។ វាត្រូវបានគេចាត់ទុកថាជាប្រទេសដែលសុវត្ថិភាពបំផុតមួយក្នុងពិភពលោក តែតូចជាងគេលំដាប់ទីបួននៅអឺរ៉ុប ព្រោះវាផ្ទៃដីត្រឹមតែជាង ១៦០ គីឡូម៉ែត្រការ៉េ និង មានប្រជាជនចំនួន ៣៨៧៤៩ នាក់ក្នុងឆ្នាំ ២០១៩។ ទោះបីជាផ្ទៃដីតូចមែន តែប្រទេសនេះបានចែកចេញជា ១១ ក្រុង ហើយរាជធានីរបស់វាគឺ Vaduz ដែលជាក្រុងធំបំផុត។
២. ប្រទេសសានម៉ារីណូ (San Marino)
វាស្ថិតនៅភាគឦសាននៃភ្នំ Apennine ហើយវាគ្របដណ្តប់លើផ្ទៃដីត្រឹមតែជាង ៦១ គីឡូម៉ែត្រការ៉េ។ San Marino មានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋ San Marino» ជារដ្ឋមួយក្នុងចំណោមរដ្ឋតូចៗជាច្រើននៅអឺរ៉ុប ដែលមានប្រជាជនតិចបំផុតក្នុងចំណោមសមាជិកទាំងអស់នៃក្រុមប្រឹក្សាអឺរ៉ុប។
៣. ប្រទេសទូវ៉ាលូ (Tuvalu)
ទូវ៉ាលូ ត្រូវបានគេស្គាល់ថាជាកោះ Ellice ដែលនៅភាគខាងជើងនៃប្រទេសអូស្រ្តាលី។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ នៅទីនោះមានតែមន្ទីរពេទ្យ ១ តែប៉ុណ្ណោះ ព្រោះផ្ទៃដីសរុបរបស់វា ២៦ គីឡូម៉ែត្រការ៉េ។
៤. ប្រទេសណូរូ (Nauru)
វាគឺជាប្រទេសកោះមួយដែលនៅភាគខាងកើតនៃប្រទេសអូស្រ្តាលី ដោយផ្ទៃដីសរុបនៃប្រទសនេះគឺប្រហែលជា ២១ គីឡូម៉ែត្រការ៉េ ហើយប្រជាជនភាគច្រើនគឺជាអ្នកលើសទម្ងន់ ដែលប្រឈមនឹងបញ្ហាទឹកនោមផ្អែមប្រភេទទី ២។
៥. ប្រទេសម៉ូណាកូ (Monaco)
ប្រទេសអ្នកមានមួយ ដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសបារាំង ហើយមានទង់ជាតិស្រដៀងទៅនឹងប្រទេសឥណ្ឌូណេស៊ី ដោយវាមានផ្ទៃដីសរុបត្រឹមតែជិត ២ គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ៕
ប្រភព៖ The Fact Site