ថ្មីៗនេះ វិស័យសិល្បៈកម្សាន្តក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលដំណឹងដ៏សោកសៅផ្ទួនៗគ្នា ដោយតារាជើងចាស់ដ៏ល្បីឈ្មោះ ២ រូប លោក Jeon Yoo Sung និង លោក Kim Joo Young បានទទួលមរណភាពចាកចោលអ្នកគាំទ្រ ដោយសាររោគាពាធ។
កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ស្តេចកំប្លែងដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង Jeon Yoo Sung បានទទួលមរណភាពក្នុងវ័យ ៧៦ ឆ្នាំ នាមន្ទីរពេទ្យ Jeonbuk National University Hospital ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ។ លោកតា Yoo Sung បានផ្ទុះប្រជាប្រិយភាពខ្លាំង ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តល្បីៗដូចជា «Humor No.1» និង «Show Video Jacky»។ ការចាកចេញទៅគ្មានថ្ងៃត្រឡប់របស់លោកតា បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនសម្ដែងការសោកស្ដាយជាខ្លាំង និង ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកតាដែលបានបាត់បង់បុគ្គលដ៏ឆ្នើមមួយរូបនេះ។
រំលងផុតមិនប៉ុន្មានថ្ងៃ ពោលគឺនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៥ សារព័ត៌មានកូរ៉េ Chosun ក៏បានចេញផ្សាយដំណឹងសោកសៅមួយទៀតថា តារាសម្ដែងជើងចាស់ Kim Joo Young ដែលល្បីក្នុងតំណែងជាតួអង្គក្នុងរឿងបុរាណៗ បានទទួលមរណភាពក្នុងវ័យ ៧៣ ឆ្នាំ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ដោយសារជំងឺរលាកសួត។ ពិធីបុណ្យសពរបស់លោកបានរៀបចំធ្វើនៅទីតាំងប្រារព្ធពិធីបុណ្យ Chung Ang University និង ធ្វើការបញ្ចុះនៅកន្លែងបញ្ចុះសព Incheon Family Park Cemetery។ គួរឱ្យដឹងថា តារាជើងចាស់ Kim Joo Young ធ្លាប់បង្ហាញវត្តមានសម្ដែងក្នុងរឿងល្បីៗជាច្រើនរបស់ទូរទស្សន៍ KBS ដូចជារឿង «Queen Myeongseong» «Dae Jo Yeong» និង «King Sejong the Great» ជាដើម៕