គភ៌កូនដំបូង ស្វាមីគួរត្រៀមអ្វីខ្លះជាកាដូដល់ភរិយាសំណព្វចិត្ត?
ជាស្វាមី ពេលដឹងឮថាក្លាយជាឪពុកគេ ជាពិសេសកូនដំបូងទៀតនោះ គឺពិតជារំភើបចិត្តជាងភរិយាដែលពពោះទៅទៀត។ នៅពេលពពោះ ស្ត្រីជាភរិយានឹងត្រូវឆ្លងកាត់រឿងជាច្រើន តាំងពីការចាប់ផ្តើមបង្កកំណើតរហូតដល់ថ្ងៃសម្រាល។ ក្នុងនាមជាស្វាមីល្អ ជាស្វាមីពូកែយល់ចិត្ត ចាំបាច់ណាស់គួរតែមានកាដូលើកទឹកចិត្តទៅកាន់ភរិយា។ ការជូនកាដូមិនត្រឹមតែធ្វើឱ្យភរិយាទទួលបានអារម្មណ៍ពិសេសប៉ុណ្ណោះទេ តែថែមទាំងពពោះប្រកបដោយមោទកភាពផងដែរ។ កាដូមានតម្លៃមិនចាំបាច់តែរបស់ថ្លៃៗ ត្រឹមជារបស់ពោរពេញទៅដោយអត្ថន័យ និងទឹកចិត្តក៏គ្រប់គ្រាន់។
១. សៀវភៅសុខភាពស្ត្រីមានផ្ទៃពោះ
ស្ត្រីទើបពពោះកូនដំបូងតែងតែបារម្ភខ្វាយខ្វល់ច្រើន ដូចនេះការអាន ការយល់ដឹងអំពីសុខភាពស្ត្រីមានផ្ទៃពោះ អាចជួយឱ្យស្ត្រីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កូន និង ដឹងពីអ្វីដែលនឹងកើតឡើង។ អ្នកជាស្វាមីត្រូវស្រាវជ្រាវ និង ជ្រើសរើសសៀវភៅណាដែលល្អបំផុត។
២. ខ្នើយ និង សម្លៀកបំពាក់
ការផ្លាស់ប្តូររូបរាងនៅពេលពពោះនឹងធ្វើឱ្យស្ត្រីពិបាក ដេក ដើរ ឈរ អង្គុយ។ ជាកាដូដឹងសុខទុក្ខ អ្នកអាចជូនភរិយានូវសម្លៀកបំពាក់ពោះធំស្អាតៗ និង ខ្នើយសម្រាប់ស្ត្រីពោះធំ។ របស់ទាំងពីរនេះសុទ្ធតែចាំបាច់ ព្រោះវានឹងផ្តល់ភាពងាយស្រួលនៅពេលពោះកាន់តែធំ។
៣. នំខេក
ទោះមិនមែនជាថ្ងៃកំណើត តែអ្នកក៏អាចធ្វើឱ្យភរិយារំភើបចិត្ត ដោយជូននំខេកជាការអបអរចំពោះការក្លាយជាអ្នកម្តាយផងដែរ។ ការអបអរគួរតែធ្វើនៅកន្លែងណាមួយដែលរ៉ូមែនទិក ឬបើធ្វើនៅផ្ទះគួរមានសមាជិកគ្រួសារចូលរួមដើម្បីបង្កើនភាពរីករាយ។
៤. បាច់ផ្កា
នារីៗសុទ្ធតែស្រលាញ់ផ្កា អ្នកអាចជ្រើសរើសផ្កាណាដែលភរិយាចូលចិត្ត រួចរៀបចំជាបាច់ជូនទៅកាន់នាង។ ដើម្បីបង្កើតបរិយាកាសឱ្យកាន់តែរំភើប និងរ៉ូមែនទិក អ្នកអាចជូនផ្កានៅកន្លែងមានអនុស្សាវរីយ៍ល្អៗជាមួយគ្នា ឬកន្លែងទទួលទានអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀន។ នៅពេលជូនផ្កាកុំភ្លេចនិយាយពាក្យពេចន៍ផ្អែមល្ហែមផងណា៎។
៥. គ្រឿងលម្អកាយ
ក្រៅពីសម្លៀកបំពាក់ មនុស្សស្រីស្រលាញ់បំផុតគ្រឿងលម្អកាយ។ អ្នកអាចសម្គាល់មើលថាតើគ្រឿងលម្អកាយណាដែលភរិយាធ្លាប់ស្រមៃចង់បាន ឧទាហរណ៍ដូចជា ខ្សែក ចិញ្ចៀន កាបូប ឬស្បែកជើងជាដើម៕