![ទើបដឹង! ញុំាស៊ូស៊ីអំឡុងពពោះ អាចប្រឈមបញ្ហាទាំងម្តាយ និង កូន](https://www.popular.com.kh/wp-content/uploads/2024/01/13-9.jpg)
ទើបដឹង! ញុំាស៊ូស៊ីអំឡុងពពោះ អាចប្រឈមបញ្ហាទាំងម្តាយ និង កូន
អំឡុងពេលពពោះស្ត្រីគ្រប់រូបតែងមានចំណង់អាហារច្រើនមុខ ជាពិសេសអាហារដែលជាចំណង់ចំណូលចិត្ត។ អំឡុងពពោះក៏ជាពេលតែត្រូវយកចិត្តទុកដាក់ទៅលើរបបអាហារផងដែរ ដោយហេតុអាហារមួយចំនួនអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ប៉ះពាល់ទាំងការបង្កកំណើត និងទារកក្នុងផ្ទៃ។ តួយ៉ាង ចំណោមនោះ ស៊ូស៊ី (Sushi) ដែលជាអាហារកំពុងពេញនិយម ត្រូវបានគេចាត់ជាអាហារដែលត្រូវជៀសវាងនៅអំឡុងពពោះ ហើយចំពោះហេតុផល អ្នកជំនាញ និង អង្គការអន្តរជាតិបានបកស្រាយដូចខាងក្រោម ៖
តាមរយៈ នាយកដ្ឋានសុខភាព និងសេវាមនុស្សរបស់សហរដ្ឋអាមេរិក (U.S. Department of Health and Human Services) និង រដ្ឋបាលចំណីអាហារ និងឱសថ (Food and Drug Administration) បានចង្អុលបង្ហាញច្បាស់លាស់ថា ស្ត្រីដែលកំពុងមានផ្ទៃពោះគួរតែជៀសវាងអាហារស៊ូស៊ី (Sushi), សាស៊ីមី (Sashimi) និងពពួកភ្លា ដែលប្រើគ្រឿងផ្សំសាច់ឆៅដូចជា អ៊យស្ទ័រ ត្រី គ្រំ លាស និង ខ្យងផ្លិត ជាដើម។
សាច់ឆៅ និង អាហារសមុទ្រឆៅ មានផ្ទុកនូវបរាសិតឬបាក់តេរីដែលអាចប្រឈមជំងឺពុលអាហារ។ ករណីនេះស្ត្រីមានផ្ទៃពោះគួរគប្បីជៀសវាង ដោយសារអំឡុងពពោះប្រព័ន្ធភាពសុំានឹងចុះខ្សោយអាចធ្វើឱ្យពិបាកទប់ទល់។ អាហារឆៅក៏មានផ្ទុកមេរោគម្យ៉ាងឈ្មោះថា Listeria វាអាចបង្កឱ្យស្ត្រីជាម្តាយធ្វើទុក្ខឈឺតិចតួច តែបង្កគ្រោះថ្នាក់ខ្លាំងដល់ទារកក្នុងផ្ទៃ ពោលអាចធ្វើឱ្យទារកកើតមុនខែ អាចរលូត ឬរហូតដល់ស្លាប់ក្នុងផ្ទៃ ឬ ស្លាប់ក្រោយពេលកើតទៀតផង។
ចំណែកអង្គការ សមាគមស្ត្រីមានផ្ទៃពោះអាមេរិក (American Pregnancy Association) បានចង្អុលបង្ហាញស៊ូស៊ីទៅលើបញ្ហាធំមួយគឺ ប្រភេទត្រីដែលយកមកធ្វើស៊ូស៊ីមានកម្រិតបារតខ្ពស់។ ទារកដែលទទួលយកបារតនៅក្នុងផ្ទៃច្រើន ពេលពួកគេកើតមកនឹងមានបញ្ហាទាក់ទងនឹងការស្តាប់សំឡេង ខ្សោយភ្នែក និងបញ្ហាខួរក្បាល។
ចុះប្រសិនបើស្ត្រីពពោះនៅតែចង់ហូបស៊ូស៊ី តើគួរធ្វើយ៉ាងដូចម្តេច? ជាការពិតណាស់ អ្នកជំនាញជាច្រើននឹងយល់ស្រប ប្រសិនបើស៊ូស៊ីនោះប្រើគ្រឿងផ្សំប្តូរពីសាច់ឆៅ មកជាសាច់ឆ្អិនវិញ ហើយជាគ្រឿងផ្សំដែលរៀបចំមានអនាម័យ និងគុណភាពខ្ពស់៕